យេរេមា 27:3-12 Khmer Standard Version (KHSV)

3. បន្ទាប់​មក ចូរ​ផ្ញើ​ខ្សែ និង​នឹម​ទាំង​នោះ ទៅ​ឲ្យ​ស្ដេច​ស្រុក​អេដុម ស្ដេច​ស្រុក​ម៉ូអាប់ ស្ដេច​ស្រុក​អាំម៉ូន ស្ដេច​ក្រុង​ទីរ៉ុស និង​ស្ដេច​ក្រុង​ស៊ីដូន តាម​រយៈ​ពួក​រាជ‌ទូត ដែល​មក​គាល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​យេរូ‌សាឡឹម។

4. ចូរ​ផ្ដាំ​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​របស់​ខ្លួន​ថា: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ទៅ​ប្រាប់​ស្ដេច​របស់​អ្នក​រាល់​គ្នា​ថា

5. យើង​បាន​បង្កើត​ផែនដី ព្រម​ទាំង​មនុស្ស និង​សត្វ​ដែល​រស់​នៅ​លើ​ផែនដី ដោយ​មហិទ្ធិ‌ឫទ្ធិ និង​បារមី​របស់​យើង។ យើង​ប្រគល់​ផែនដី​នេះ​ទៅ​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​យើង។

6. ឥឡូវ​នេះ យើង​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង។ សូម្បី​តែ​សត្វ​ព្រៃ​ទាំង‌ឡាយ ក៏​យើង​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​នេប៊ូ‌ក្នេសា​ដែរ។

7. ប្រជា‌ជាតិ​ទាំង​អស់​នឹង​នាំ​គ្នា​បម្រើ​នេប៊ូ‌ក្នេសា ព្រម​ទាំង​កូន និង​ចៅ​របស់​គេ រហូត​ដល់​ពេល​កំណត់ ដែល​ស្រុក​របស់​នេប៊ូ‌ក្នេសា​ត្រូវ​ប្រជា‌ជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ធ្វើ​ជា​ចំណុះ។

8. ប្រសិន​បើ​មាន​ប្រជា‌ជាតិ​ណា​មួយ​មិន​ព្រម​បម្រើ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ប្រសិន​បើ​គេ​មិន​ព្រម​ស្ថិត​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទេ​នោះ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ​នោះ ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ រហូត​ទាល់​តែ​យើង​ប្រហារ​ពួក​គេ​ឲ្យ​វិនាស‌សូន្យ ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. រីឯ​អ្នក​រាល់​គ្នា​វិញ ពេល​ព្យាការី គ្រូ​ទាយ គ្រូ​កាត់​សប្ដិ គ្រូ​ហោរ និង​គ្រូ​ធ្មប់​របស់​អ្នក​រាល់​គ្នា​ប្រាប់​ថា “កុំ​ចុះ​ចូល​នឹង​ស្ដេច​នេប៊ូ‌ក្នេសា!” នោះ​មិន​ត្រូវ​ស្ដាប់​ពាក្យ​របស់​គេ​ឡើយ

10. ដ្បិត​ពួក​គេ​ទាយ​កុហក ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន គឺ​ឲ្យ​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស។

11. ផ្ទុយ​ទៅ​វិញ បើ​ប្រជា‌ជាតិ​ណា​សុខ​ចិត្ត​នៅ​ក្រោម​នឹម និង​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​នោះ​បាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ធ្វើ​ស្រែ​ចម្ការ និង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ខ្ញុំ​ក៏​បាន​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ដូច​ត​ទៅ: សូម​ព្រះ‌ករុណា និង​ប្រជា‌ជន​ដាក់​ខ្លួន​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ី‌ឡូន សូម​បម្រើ​ស្ដេច និង​ប្រជា‌រាស្ត្រ​នោះ​ទៅ ទើប​ព្រះ‌ករុណា និង​ប្រជា‌ជន​យូដា​បាន​រួច​ជីវិត។

យេរេមា 27