យេរេមា 27:18-22 Khmer Standard Version (KHSV)

18. ប្រសិន​បើ​អ្នក​ទាំង​នោះ​ពិត​ជា​ព្យាការី ហើយ​ប្រសិន​បើ​ព្រះ‌អម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​គេ​មែន ចូរ​ឲ្យ​ពួក​គេ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល សូម​ឲ្យ​សម្ភារៈ​ដែល​នៅ​សេស‌សល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្នុង​ដំណាក់​របស់​ស្ដេច​ស្រុក​យូដា និង​ក្នុង​ក្រុង​យេរូ‌សាឡឹម បាន​គង់‌វង្ស គឺ​កុំ​ឲ្យ​គេ​ដឹក​យក​ទៅ​ក្រុង​បាប៊ី‌ឡូន​ឡើយ។

19. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​អំពី​សសរ អាង​ធំ និង​ដែក​កំណល់ ព្រម​ទាំង​របស់​ឯ​ទៀតៗ​ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នេះ

20. គឺ​របស់​ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ពុំ​បាន​យក​ទៅ​ជា​មួយ នៅ​ពេល​ស្ដេច​ចាប់​ព្រះ‌បាទ​យេកូ‌នាស បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​អ្នក​ធំ​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ស្រុក​យូដា យក​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន។

21. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​សម្ភារៈ​ដែល​នៅ​សល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​របស់​នៅ​ក្នុង​ដំណាក់​ស្ដេច ព្រម​ទាំង​របស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ថា:

22. គេ​នឹង​ដឹក​ជញ្ជូន​របស់​ទាំង​នោះ​ទៅ​ស្រុក​បាប៊ី‌ឡូន រួច​ទុក​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​ដែល​យើង​នឹង​មក ហើយ​នាំ​យក​ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

យេរេមា 27