យេរេមា 27:1-8 Khmer Standard Version (KHSV)

1. នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា បុត្រ​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ:

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ធ្វើ​នឹម និង​វេញ​ខ្សែ យក​មក​ពាក់​នៅ​លើ​ស្មា​របស់​អ្នក។

3. បន្ទាប់​មក ចូរ​ផ្ញើ​ខ្សែ និង​នឹម​ទាំង​នោះ ទៅ​ឲ្យ​ស្ដេច​ស្រុក​អេដុម ស្ដេច​ស្រុក​ម៉ូអាប់ ស្ដេច​ស្រុក​អាំម៉ូន ស្ដេច​ក្រុង​ទីរ៉ុស និង​ស្ដេច​ក្រុង​ស៊ីដូន តាម​រយៈ​ពួក​រាជ‌ទូត ដែល​មក​គាល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​យេរូ‌សាឡឹម។

4. ចូរ​ផ្ដាំ​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​របស់​ខ្លួន​ថា: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ទៅ​ប្រាប់​ស្ដេច​របស់​អ្នក​រាល់​គ្នា​ថា

5. យើង​បាន​បង្កើត​ផែនដី ព្រម​ទាំង​មនុស្ស និង​សត្វ​ដែល​រស់​នៅ​លើ​ផែនដី ដោយ​មហិទ្ធិ‌ឫទ្ធិ និង​បារមី​របស់​យើង។ យើង​ប្រគល់​ផែនដី​នេះ​ទៅ​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​យើង។

6. ឥឡូវ​នេះ យើង​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង។ សូម្បី​តែ​សត្វ​ព្រៃ​ទាំង‌ឡាយ ក៏​យើង​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​នេប៊ូ‌ក្នេសា​ដែរ។

7. ប្រជា‌ជាតិ​ទាំង​អស់​នឹង​នាំ​គ្នា​បម្រើ​នេប៊ូ‌ក្នេសា ព្រម​ទាំង​កូន និង​ចៅ​របស់​គេ រហូត​ដល់​ពេល​កំណត់ ដែល​ស្រុក​របស់​នេប៊ូ‌ក្នេសា​ត្រូវ​ប្រជា‌ជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ធ្វើ​ជា​ចំណុះ។

8. ប្រសិន​បើ​មាន​ប្រជា‌ជាតិ​ណា​មួយ​មិន​ព្រម​បម្រើ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ប្រសិន​បើ​គេ​មិន​ព្រម​ស្ថិត​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទេ​នោះ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ​នោះ ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ រហូត​ទាល់​តែ​យើង​ប្រហារ​ពួក​គេ​ឲ្យ​វិនាស‌សូន្យ ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

យេរេមា 27