1. នៅដើមរជ្ជកាលព្រះបាទសេដេគា បុត្រព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ:
2. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែ យកមកពាក់នៅលើស្មារបស់អ្នក។
3. បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះ ទៅឲ្យស្ដេចស្រុកអេដុម ស្ដេចស្រុកម៉ូអាប់ ស្ដេចស្រុកអាំម៉ូន ស្ដេចក្រុងទីរ៉ុស និងស្ដេចក្រុងស៊ីដូន តាមរយៈពួករាជទូត ដែលមកគាល់សេដេគា ជាស្ដេចស្រុកយូដា នៅក្រុងយេរូសាឡឹម។
4. ចូរផ្ដាំអ្នកទាំងនោះឲ្យទៅប្រាប់ស្ដេចរបស់ខ្លួនថា: ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរទៅប្រាប់ស្ដេចរបស់អ្នករាល់គ្នាថា
5. យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយមហិទ្ធិឫទ្ធិ និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅឲ្យនរណាក៏បាន ស្រេចតែចិត្តយើង។