យេរេមា 26:19-24 Khmer Standard Version (KHSV)

19. នៅ​សម័យ​នោះ តើ​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា និង​ប្រជា‌ជន​យូដា​ទាំង​មូល បាន​សម្លាប់​ព្យាការី​មីកា​ឬ​ទេ? ទេ! ពួក​គេ​បែរ​ជា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌អង្គ​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ដាក់​ទោស​ពួក​គេ តាម​ការ​សម្រេច​របស់​ព្រះ‌អង្គ​ឡើយ។ ប្រសិន​បើ​យើង​ប្រហារ​ជីវិត​លោក​នេះ ទុក្ខ​ទោស​យ៉ាង​ធ្ងន់​នឹង​ធ្លាក់​មក​លើ​យើង។

20. ក្រោយ​មក មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ូរី‌យ៉ា ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​អ្នក​ស្រុក​គារយ៉ាត-‌យ៉ារីម បាន​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ប្រឆាំង​នឹង​ទីក្រុង ព្រម​ទាំង​ស្រុក​នេះ ដូច​លោក​យេរេមា​ដែរ។

21. ព្រះ‌បាទ​យេហូ‌យ៉ាគីម ព្រម​ទាំង​រាជ​បរិពារ និង​មន្ត្រី​ទាំង​អស់​បាន​ឮ​ពាក្យ​នោះ ក៏​រក​សម្លាប់​គាត់​ចោល។ ពេល​លោក​អ៊ូរី‌យ៉ា​ដឹង​ដំណឹង​នេះ គាត់​ភ័យ ហើយ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប។

22. ព្រះ‌បាទ​យេហូ‌យ៉ាគីម​ចាត់​លោក​អែល‌ណា‌ថាន ជា​កូន​របស់​លោក​អក‌បោរ និង​បក្ស​ពួក​គាត់​ឲ្យ​ទៅ​ស្រុក​អេស៊ីប

23. ចាប់​លោក​អ៊ូរី‌យ៉ា​នាំ​មក​ប្រគល់​ឲ្យ​ស្ដេច​វិញ។ ស្ដេច​ក៏​ប្រហារ​ជីវិត​គាត់​ដោយ​មុខ​ដាវ រួច​បោះ​សាក‌សព​របស់​គាត់​ទៅ​ក្នុង​ផ្នូរ​សាធារណៈ»។

24. លោក​អហ៊ី‌កាម ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​លោក​យេរេមា​ជា‌និច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​លោក​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​លោក​ឡើយ។

យេរេមា 26