14. រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងកណ្ដាប់ដៃរបស់បងប្អូនស្រាប់ហើយ សូមប្រព្រឹត្តចំពោះខ្ញុំតាមអំពើចិត្ត និងតាមគំនិតដែលបងប្អូនយល់ថាត្រឹមត្រូវចុះ!
15. តែសូមជ្រាបឲ្យបានច្បាស់ថា បើបងប្អូនសម្លាប់ខ្ញុំ បងប្អូន និងអ្នកក្រុងទាំងអស់ត្រូវមានទោស ព្រោះសម្លាប់មនុស្សគ្មានកំហុស ដ្បិតព្រះអម្ចាស់ពិតជាបានចាត់ខ្ញុំ ឲ្យនាំពាក្យទាំងនេះមកជម្រាបបងប្អូនមែន»។
16. ពេលនោះ ក្រុមមន្ត្រី និងប្រជាជនទាំងមូល ពោលទៅពួកបូជាចារ្យ និងពួកព្យាការីថា៖ «អ្នកនេះគ្មានទោសដល់ស្លាប់ទេ ដ្បិតគាត់បាននិយាយមកយើង ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង ពិតមែន»។
17. មានព្រឹទ្ធាចារ្យខ្លះក្រោកឈរឡើង ពោលទៅកាន់អង្គប្រជុំរបស់ប្រជាជនថា៖
18. «នៅរជ្ជកាលព្រះបាទហេសេគា ជាស្ដេចស្រុកយូដា លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត បានថ្លែងព្រះបន្ទូលប្រាប់ប្រជាជនយូដាទាំងអស់ដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថាគេនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជាគំនរបាក់បែកភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។
19. នៅសម័យនោះ តើព្រះបាទហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងមូល បានសម្លាប់ព្យាការីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាចព្រះអម្ចាស់ ហើយនាំគ្នាទូលអង្វរព្រះអង្គទៀតផង។ ហេតុនេះហើយបានជាព្រះអង្គមិនដាក់ទោសពួកគេ តាមការសម្រេចរបស់ព្រះអង្គឡើយ។ ប្រសិនបើយើងប្រហារជីវិតលោកនេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើង។
20. ក្រោយមក មានបុរសម្នាក់ឈ្មោះអ៊ូរីយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា ជាអ្នកស្រុកគារយ៉ាត-យ៉ារីម បានថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់ប្រឆាំងនឹងទីក្រុង ព្រមទាំងស្រុកនេះ ដូចលោកយេរេមាដែរ។
21. ព្រះបាទយេហូយ៉ាគីម ព្រមទាំងរាជបរិពារ និងមន្ត្រីទាំងអស់បានឮពាក្យនោះ ក៏រកសម្លាប់គាត់ចោល។ ពេលលោកអ៊ូរីយ៉ាដឹងដំណឹងនេះ គាត់ភ័យ ហើយរត់ភៀសខ្លួនទៅស្រុកអេស៊ីប។
22. ព្រះបាទយេហូយ៉ាគីមចាត់លោកអែលណាថាន ជាកូនរបស់លោកអកបោរ និងបក្សពួកគាត់ឲ្យទៅស្រុកអេស៊ីប
23. ចាប់លោកអ៊ូរីយ៉ានាំមកប្រគល់ឲ្យស្ដេចវិញ។ ស្ដេចក៏ប្រហារជីវិតគាត់ដោយមុខដាវ រួចបោះសាកសពរបស់គាត់ទៅក្នុងផ្នូរសាធារណៈ»។
24. លោកអហ៊ីកាម ជាកូនរបស់លោកសាផាន តែងតែការពារលោកយេរេមាជានិច្ច។ គាត់រារាំងមិនឲ្យគេប្រគល់លោកយេរេមា ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលចង់ប្រហារជីវិតលោកឡើយ។