11. ពេលនោះ ក្រុមបូជាចារ្យ និងក្រុមព្យាការី ប្ដឹងទៅមន្ត្រី និងប្រជាជនទាំងមូលថា៖ «ជននេះត្រូវតែទទួលទោសដល់ស្លាប់ ព្រោះវាបាននិយាយប្រឆាំងនឹងទីក្រុងនេះ ដូចអស់លោកឮផ្ទាល់ត្រចៀកស្រាប់ហើយ»។
12. លោកយេរេមាមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រី និងប្រជាជនទាំងអស់ថា៖ «ព្រះអម្ចាស់ទេតើ ដែលចាត់ខ្ញុំឲ្យមកថ្លែងព្រះបន្ទូលប្រឆាំងនឹងព្រះដំណាក់ ព្រមទាំងទីក្រុងនេះ ដូចបងប្អូនបានឮសព្វគ្រប់ស្រាប់។
13. ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឲ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់បងប្អូន នោះព្រះអង្គមុខជាមិនដាក់ទោសបងប្អូន ដូចព្រះអង្គបានសម្រេចទេ។
14. រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងកណ្ដាប់ដៃរបស់បងប្អូនស្រាប់ហើយ សូមប្រព្រឹត្តចំពោះខ្ញុំតាមអំពើចិត្ត និងតាមគំនិតដែលបងប្អូនយល់ថាត្រឹមត្រូវចុះ!
15. តែសូមជ្រាបឲ្យបានច្បាស់ថា បើបងប្អូនសម្លាប់ខ្ញុំ បងប្អូន និងអ្នកក្រុងទាំងអស់ត្រូវមានទោស ព្រោះសម្លាប់មនុស្សគ្មានកំហុស ដ្បិតព្រះអម្ចាស់ពិតជាបានចាត់ខ្ញុំ ឲ្យនាំពាក្យទាំងនេះមកជម្រាបបងប្អូនមែន»។
16. ពេលនោះ ក្រុមមន្ត្រី និងប្រជាជនទាំងមូល ពោលទៅពួកបូជាចារ្យ និងពួកព្យាការីថា៖ «អ្នកនេះគ្មានទោសដល់ស្លាប់ទេ ដ្បិតគាត់បាននិយាយមកយើង ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង ពិតមែន»។