យេរេមា 25:7-13 Khmer Standard Version (KHSV)

7. ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គឺ​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង​ដោយ​សូន​រូប​ព្រះ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។

8. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា: ដោយ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​យើង​ទេ​នោះ

9. យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ​ថ្វាយ​ផ្ដាច់​ដល់​យើង ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។

10. យើង​នឹង​ធ្វើ​ឲ្យ​សម្រែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចម្រៀង​របាំ​ដ៏​សប្បាយ និង​បទ​ចម្រៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​លែង​ឮ​ក្នុង​ចំណោម​ពួក​គេ ហើយ​សំឡេង​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។

11. ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ វិនាស​ហិន‌ហោច ហើយ​ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ទៅ​ជា​ចំណុះ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ។

12. លុះ​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ យើង​នឹង​ដាក់​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ប្រជា‌ជាតិ​នេះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​ខាល់ដេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។

13. យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​រង​ទុក្ខ​ទោស តាម​សេចក្ដី​ដែល​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ ដូច​មាន​ចែង​ទុក​ក្នុង​ក្រាំង​នេះ ហើយ​ដែល​យេរេមា​ថ្លែង​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ទាំង​អស់។

យេរេមា 25