3. ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស បុត្ររបស់ព្រះបាទអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំព្រះបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។
4. ព្រះអម្ចាស់បានចាត់ព្យាការីទាំងប៉ុន្មានដែលជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ឡើយ។
5. លោកទាំងនោះប្រកាសព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវងាកចេញពីផ្លូវទុច្ចរិត ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត នោះអ្នករាល់គ្នា នឹងបានរស់នៅក្នុងទឹកដី ដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា ជារៀងរហូត។
6. កុំរត់តាមព្រះឯទៀតៗដើម្បីគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះឡើយ។ បើអ្នករាល់គ្នាលែងបញ្ឆេះកំហឹងរបស់យើង ដោយសូនរូបព្រះទេនោះ យើងក៏មិនធ្វើទោសអ្នករាល់គ្នាដែរ។
7. ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គឺអ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើងដោយសូនរូបព្រះ ជាហេតុបណ្ដាលឲ្យអ្នករាល់គ្នាត្រូវវេទនា។
8. ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា: ដោយអ្នករាល់គ្នាមិនស្ដាប់ពាក្យយើងទេនោះ
9. យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
10. យើងនឹងធ្វើឲ្យសម្រែកក្អាកក្អាយ ព្រមទាំងចម្រៀងរបាំដ៏សប្បាយ និងបទចម្រៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាលែងឮក្នុងចំណោមពួកគេ ហើយសំឡេងត្បាល់កិន និងពន្លឺចង្កៀងក៏លែងមានទៀតដែរ។
11. ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ វិនាសហិនហោច ហើយប្រជាជាតិទាំងនោះនឹងទៅជាចំណុះស្ដេចស្រុកបាប៊ីឡូន អស់រយៈពេលចិតសិបឆ្នាំ។
12. លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
13. យើងនឹងធ្វើឲ្យស្រុកនេះរងទុក្ខទោស តាមសេចក្ដីដែលយើងបានប្រកាសប្រឆាំងនឹងពួកគេ ដូចមានចែងទុកក្នុងក្រាំងនេះ ហើយដែលយេរេមាថ្លែងប្រឆាំងនឹងប្រជាជាតិទាំងអស់។
14. យើងក៏ឲ្យប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកស្រុកបាប៊ីឡូននេះធ្វើជាចំណុះ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត និងតាមស្នាដៃដែលគេបានសូនធ្វើ»។
15. ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកពែងនេះ ដែលពេញដោយស្រានៃកំហឹង ពីដៃរបស់យើង ទៅបង្អកប្រជាជាតិទាំងអស់ ដែលយើងចាត់អ្នកឲ្យទៅរក។
16. ចូរឲ្យពួកគេផឹក ហើយធីងធោង វង្វេងស្មារតី ដោយឃើញដាវដែលយើងចាត់ឲ្យទៅប្រហារពួកគេ»។
17. ខ្ញុំទទួលយកពែងពីព្រះហស្ដរបស់ព្រះអម្ចាស់ ហើយបង្អកប្រជាជាតិទាំងអស់ ដែលព្រះអង្គចាត់ខ្ញុំឲ្យទៅរកនោះ