27. «អ្នកត្រូវប្រកាសប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ចូរផឹកឲ្យស្រវឹងរហូតដល់ក្អួត។ ពេលឃើញដាវដែលយើងចាត់ឲ្យមកប្រហារអ្នករាល់គ្នាអ្នករាល់គ្នានឹងដួល ក្រោកពុំរួចឡើយ!”
28. ប្រសិនបើពួកគេពុំព្រមទទួលពែងពីដៃអ្នកយកទៅផឹកទេ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ត្រូវតែផឹក! ត្រូវតែផឹក!
29. ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចាប់ពីទីក្រុងរបស់យើងផ្ទាល់។ អ្នករាល់គ្នាពុំអាចរួចខ្លួនបានឡើយ យើងមិនអត់អោនឲ្យអ្នករាល់គ្នាទេ យើងនឹងប្រើគេឲ្យទៅប្រហារមនុស្សទាំងអស់នៅលើផែនដីដោយមុខដាវ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល”។
30. រីឯអ្នកវិញ ចូរនាំពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេថា: “ព្រះអម្ចាស់គំរាមពីលើមេឃមកព្រះអង្គបន្លឺព្រះសូរសៀងពីព្រះដំណាក់ដ៏វិសុទ្ធព្រះអង្គគំរាមកំហែងមកលើទឹកដីរបស់ព្រះអង្គព្រះអង្គស្រែកដាក់ទោសប្រជាជននៅលើផែនដីទាំងមូលដូចគេស្រែកហ៊ោនៅពេលគាបផ្លែទំពាំងបាយជូរ។
31. ព្រះសូរសៀងរបស់ព្រះអង្គលាន់ឮរហូតដល់ចុងផែនដីដ្បិតព្រះអម្ចាស់មានសំណុំរឿងចោទប្រកាន់ប្រជាជាតិទាំងអស់ព្រះអង្គកាត់ក្ដីមនុស្សលោកទាំងមូល។ព្រះអង្គប្រគល់មនុស្សមានទោសទៅឲ្យគេប្រហារដោយមុខដាវ”»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
32. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលទៀតថា គ្រោះកាចនឹងឆ្លងពីប្រជាជាតិមួយទៅប្រជាជាតិមួយទៀត។ព្យុះសង្ឃរាមួយនឹងបក់បោកមកពីទីដាច់ស្រយាលនៃផែនដី។
33. នៅថ្ងៃនោះ សាកសពរបស់អស់អ្នកដែលព្រះអម្ចាស់ប្រហារនឹងស្ថិតនៅពាសពេញលើផែនដី គ្មាននរណាកាន់ទុក្ខ គ្មាននរណាប្រមូលសពពួកគេយកទៅបញ្ចុះឡើយ គឺសាកសពពួកគេនឹងក្លាយទៅជាជីនៅលើដី។
34. ពួកគង្វាលអើយចូរស្រែកឲ្យអស់ទំហឹងទៅ!អ្នកដឹកនាំហ្វូងចៀមអើយចូរននៀលនៅលើដីដ្បិតថ្ងៃដែលត្រូវពិឃាតអ្នករាល់គ្នាមកដល់ហើយ ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងថូដ៏មានតម្លៃដែលធ្លាក់បែក។
35. គ្មានជម្រកសម្រាប់ពួកគង្វាលទៀតទេ!គ្មានកន្លែងពួន សម្រាប់អ្នកដឹកនាំហ្វូងចៀមទៀតឡើយ!
36. សំឡេងយំសោករបស់ពួកគង្វាលនិងសម្រែករបស់អ្នកដឹកនាំហ្វូងចៀមបានលាន់ឮឡើងដ្បិតព្រះអម្ចាស់កម្ទេចវាលស្មៅរបស់ពួកគេ។
37. ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអម្ចាស់ធ្វើឲ្យក្រោលដែលធ្លាប់តែសុខសាន្តក្លាយទៅជាទីស្ងាត់ជ្រងំ។
38. ព្រះអង្គបោះបង់ចោលស្រុករបស់ព្រះអង្គដូចសិង្ហបោះបង់ចោលរូងរបស់វាដ្បិតព្រះអម្ចាស់បានកម្ទេចស្រុកនេះឲ្យវិនាសអន្តរាយ ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ឥតត្រាប្រណីឡើយ។