2. លោកយេរេមាប្រកាសព្រះបន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចតទៅ:
3. ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស បុត្ររបស់ព្រះបាទអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំព្រះបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។
4. ព្រះអម្ចាស់បានចាត់ព្យាការីទាំងប៉ុន្មានដែលជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ឡើយ។
5. លោកទាំងនោះប្រកាសព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវងាកចេញពីផ្លូវទុច្ចរិត ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត នោះអ្នករាល់គ្នា នឹងបានរស់នៅក្នុងទឹកដី ដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា ជារៀងរហូត។
6. កុំរត់តាមព្រះឯទៀតៗដើម្បីគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះឡើយ។ បើអ្នករាល់គ្នាលែងបញ្ឆេះកំហឹងរបស់យើង ដោយសូនរូបព្រះទេនោះ យើងក៏មិនធ្វើទោសអ្នករាល់គ្នាដែរ។
7. ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គឺអ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើងដោយសូនរូបព្រះ ជាហេតុបណ្ដាលឲ្យអ្នករាល់គ្នាត្រូវវេទនា។