យេរេមា 25:16-28 Khmer Standard Version (KHSV)

16. ចូរ​ឲ្យ​ពួក​គេ​ផឹក ហើយ​ធីង‌ធោង វង្វេង​ស្មារតី ដោយ​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​ទៅ​ប្រហារ​ពួក​គេ»។

17. ខ្ញុំ​ទទួល​យក​ពែង​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ហើយ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​ព្រះ‌អង្គ​ចាត់​ខ្ញុំ​ឲ្យ​ទៅ​រក​នោះ

18. គឺ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា ទាំង​ស្ដេច ទាំង​មន្ត្រី ដើម្បី​ឲ្យ​ស្រុក​នេះ​វិនាស​សូន្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​មនុស្ស‌ម្នា​ឃើញ​គេ​ស្រឡាំង‌កាំង ហើយ​ប្រើ​ឈ្មោះ​ស្រុក​នេះ​ដាក់​បណ្ដាសា​គ្នា។ នេះ​ជា​សភាព‌ការណ៍​ដែល​កើត​មាន​សព្វ​ថ្ងៃ។

19. ខ្ញុំ​ក៏​បង្អក​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​នាម៉ឺន មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​របស់​ស្ដេច​នោះ

20. ប្រជា‌ជន​ភាគ​តិច​នៅ​ស្រុក​អេស៊ីប។ ស្ដេច​ទាំង​អស់​នៅ​ស្រុក​អ៊ូស ស្ដេច​ទាំង​អស់​នៅ​ស្រុក​ភីលីស្ទីន គឺ​ស្ដេច​នៅ​ក្រុង​អាស្កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រូន និង​ក្រុង​អាស្តូឌ​ដែល​នៅ​សេស‌សល់។

21. ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន។

22. ស្ដេច​ទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្ដេច​ទាំង​អស់​នៅ​ក្រុង​ស៊ីដូន និង​ស្ដេច​ទាំង‌ឡាយ​នៅ​តាម​កោះ ដែល​នៅ​ខាង​នាយ​សមុទ្រ។

23. ស្រុក​ដេដាន់ ស្រុក​ថេម៉ា ស្រុក​ប៊ូស និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កោរ​ជើង​សក់។

24. ស្ដេច​ទាំង​អស់​នៃ​ស្រុក​អារ៉ាប់ ស្ដេច​របស់​ប្រជា‌ជន​ភាគ​តិច​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន។

25. ស្ដេច​ទាំង​អស់​របស់​ស្រុក​ស៊ីមរី ស្ដេច​ទាំង​អស់​របស់​ស្រុក​អេឡាំ និង​ស្ដេច​ទាំង​អស់​របស់​ស្រុក​មេឌី

26. ស្ដេច​ទាំង​អស់​នៅ​ស្រុក​ខាង​ជើង ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ក្ដី ឥត​មាន​ខ្វះ​នរណា​ឡើយ ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​លើ​ផែនដី គឺ​អស់​អ្នក​ដែល​រស់​ក្នុង​លោក​នេះ​ទាំង​មូល។ នៅ​ទី​បំផុត ស្ដេច​ក្រុង​សេសាក់ នឹង​សោយ​ស្រា​ពី​ពែង​នេះ​ក្រោយ​គេ​បង្អស់។

27. «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា ចូរ​ផឹក​ឲ្យ​ស្រវឹង​រហូត​ដល់​ក្អួត។ ពេល​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​មក​ប្រហារ​អ្នក​រាល់​គ្នា​អ្នក​រាល់​គ្នា​នឹង​ដួល ក្រោក​ពុំ​រួច​ឡើយ!”

28. ប្រសិន​បើ​ពួក​គេ​ពុំ​ព្រម​ទទួល​ពែង​ពី​ដៃ​អ្នក​យក​ទៅ​ផឹក​ទេ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​តែ​ផឹក! ត្រូវ​តែ​ផឹក!

យេរេមា 25