12. លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
13. យើងនឹងធ្វើឲ្យស្រុកនេះរងទុក្ខទោស តាមសេចក្ដីដែលយើងបានប្រកាសប្រឆាំងនឹងពួកគេ ដូចមានចែងទុកក្នុងក្រាំងនេះ ហើយដែលយេរេមាថ្លែងប្រឆាំងនឹងប្រជាជាតិទាំងអស់។
14. យើងក៏ឲ្យប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកស្រុកបាប៊ីឡូននេះធ្វើជាចំណុះ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត និងតាមស្នាដៃដែលគេបានសូនធ្វើ»។
15. ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកពែងនេះ ដែលពេញដោយស្រានៃកំហឹង ពីដៃរបស់យើង ទៅបង្អកប្រជាជាតិទាំងអស់ ដែលយើងចាត់អ្នកឲ្យទៅរក។
16. ចូរឲ្យពួកគេផឹក ហើយធីងធោង វង្វេងស្មារតី ដោយឃើញដាវដែលយើងចាត់ឲ្យទៅប្រហារពួកគេ»។
17. ខ្ញុំទទួលយកពែងពីព្រះហស្ដរបស់ព្រះអម្ចាស់ ហើយបង្អកប្រជាជាតិទាំងអស់ ដែលព្រះអង្គចាត់ខ្ញុំឲ្យទៅរកនោះ