2. ល្អីមួយមានដាក់ផ្លែឧទុម្ពរល្អៗ ដូចផ្លែដែលគេបេះនៅដើមរដូវ ល្អីមួយទៀតមានសុទ្ធតែផ្លែឧទុម្ពរស្អុយ ដែលពុំអាចបរិភោគបានឡើយ។
3. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វីខ្លះ?»។ ខ្ញុំទូលព្រះអង្គវិញថា៖ «ទូលបង្គំឃើញផ្លែឧទុម្ពរ។ មួយចំនួនជាផ្លែដ៏ល្អៗ មួយចំនួនទៀតជាផ្លែអាក្រក់ ដែលពុំអាចបរិភោគបាន»។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
5. «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: មនុស្សម្នាចូលចិត្តផ្លែឧទុម្ពរល្អយ៉ាងណា យើងក៏ពេញចិត្តនឹងជនជាតិយូដាដែលយើងបានបណ្ដេញចេញពីទីនេះ ឲ្យគេកៀរទៅជាឈ្លើយនៅស្រុកខាល់ដេយ៉ាងនោះដែរ។
6. យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេឲ្យវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្ដុះបណ្ដាលពួកគេ ហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរំលើងពួកគេចោលទៀតឡើយ។
7. យើងនឹងប្រគល់ចិត្តថ្មីមួយដល់គេ ដើម្បីឲ្យគេអាចស្គាល់ថា យើងជាព្រះអម្ចាស់។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង យើងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនាំគ្នាវិលមករកយើងវិញដោយចិត្តស្មោះ»។
8. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រព្រឹត្តចំពោះសេដេគា ជាស្ដេចស្រុកយូដា ពួកមន្ត្រី និងអ្នកក្រុងយេរូសាឡឹមដែលនៅសេសសល់ ហើយរស់នៅក្នុងស្រុកនេះ ព្រមទាំងអ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចមនុស្សបោះចោលផ្លែឧទុម្ពរស្អុយ ពុំអាចបរិភោគបានយ៉ាងនោះដែរ។
9. យើងនឹងធ្វើឲ្យនគរទាំងប៉ុន្មាននៅលើផែនដីភ័យតក់ស្លុត ដោយឃើញពួកគេវេទនាបែបនេះ។ គ្រប់ទីកន្លែងដែលយើងកំចាត់កំចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងមាក់ងាយ ចំអកឲ្យពួកគេ ព្រមទាំងយកឈ្មោះពួកគេទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នាទៀតផង។
10. យើងនឹងធ្វើឲ្យពួកគេវិនាសដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតដល់ពួកគេបាត់សូន្យពីទឹកដី ដែលយើងប្រគល់ឲ្យពួកគេ និងដូនតារបស់ពួកគេ»។