30. ហេតុនេះហើយបានជាយើងប្រឆាំងនឹងពួកព្យាការី ដែលលួចយកពាក្យគ្នាទៅវិញទៅមក ហើយបន្លំថាជាពាក្យរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31. យើងប្រឆាំងនឹងពួកព្យាការីដែលយកពាក្យខ្លួនមកប្រកាស ហើយថាជាពាក្យមកពីយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
32. យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ព្យាការីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ព្យាការីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
33. ប្រសិនបើប្រជាជននេះ ឬព្យាការី* ឬបូជាចារ្យ*ណាម្នាក់ សួរអ្នកថា “តើព្រះអម្ចាស់មានព្រះបន្ទូលព្រមានពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “ព្រះអម្ចាស់ព្រមានថា ព្រះអង្គនឹងបោះបង់ចោលអ្នករាល់គ្នា”។
34. យើងនឹងដាក់ទោសព្យាការី បូជាចារ្យ ឬប្រជាជនណាដែលពោលថា “ព្រះអម្ចាស់ព្រមានពួកយើង” យើងក៏ដាក់ទោសក្រុមគ្រួសាររបស់គេដែរ។
35. អ្នករាល់គ្នាត្រូវសួរគ្នាទៅវិញទៅមក និងសួរបងប្អូនរបស់ខ្លួនថា “តើព្រះអម្ចាស់ឆ្លើយដូចម្ដេច? ព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?”
36. គឺមិនត្រូវពោលពាក្យ “ព្រះអម្ចាស់ព្រមាន” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ គឺព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃយើង។
37. ចូរសួរព្យាការីថា “តើព្រះអម្ចាស់ឆ្លើយមកអ្នកវិញដូចម្ដេច? តើព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេចខ្លះ”?
38. ប្រសិនបើអ្នករាល់គ្នានៅតែពោលថា ព្រះអម្ចាស់ព្រមាន នោះព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងបានហាមអ្នករាល់គ្នាមិនឲ្យពោលពាក្យ “ព្រះអម្ចាស់ព្រមាន” ប៉ុន្តែ ដោយអ្នករាល់គ្នានៅតែពោលពាក្យនេះ
39. យើងនឹងបោះបង់ចោលអ្នករាល់គ្នា យើងនឹងបណ្តេញអ្នករាល់គ្នាចេញឲ្យឆ្ងាយពីមុខយើង គឺទាំងអ្នករាល់គ្នា ទាំងទីក្រុងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នា។
40. យើងនឹងធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់មុខរហូតតទៅ អ្នករាល់គ្នានឹងបាក់មុខអស់កល្បជានិច្ច មិនអាចបំភ្លេចបានឡើយ»។