27. ពួកគេស្មានថាអាចធ្វើឲ្យប្រជារាស្ដ្ររបស់យើងបំភ្លេចនាមយើង ដោយចាប់អារម្មណ៍ទៅលើសុបិនដែលគេរៀបរាប់ប្រាប់គ្នា ដូចដូនតារបស់ពួកគេបានភ្លេចនាមយើង ទៅគោរពព្រះបាល។
28. ដូច្នេះ ព្យាការីណាយល់សុបិនឲ្យគេរៀបរាប់ពីសុបិននោះទៅ។ រីឯអ្នកដែលទទួលពាក្យយើង ត្រូវយកពាក្យនោះទៅថ្លែងប្រាប់ឲ្យបានត្រឹមត្រូវ។កុំលាយអង្កាម និងអង្ករចូលគ្នា- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
29. ពាក្យរបស់យើងប្រៀបបីដូចជាភ្លើងនិងដូចញញួរដំបំបែកថ្ម- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
30. ហេតុនេះហើយបានជាយើងប្រឆាំងនឹងពួកព្យាការី ដែលលួចយកពាក្យគ្នាទៅវិញទៅមក ហើយបន្លំថាជាពាក្យរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31. យើងប្រឆាំងនឹងពួកព្យាការីដែលយកពាក្យខ្លួនមកប្រកាស ហើយថាជាពាក្យមកពីយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
32. យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ព្យាការីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ព្យាការីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
33. ប្រសិនបើប្រជាជននេះ ឬព្យាការី* ឬបូជាចារ្យ*ណាម្នាក់ សួរអ្នកថា “តើព្រះអម្ចាស់មានព្រះបន្ទូលព្រមានពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “ព្រះអម្ចាស់ព្រមានថា ព្រះអង្គនឹងបោះបង់ចោលអ្នករាល់គ្នា”។
34. យើងនឹងដាក់ទោសព្យាការី បូជាចារ្យ ឬប្រជាជនណាដែលពោលថា “ព្រះអម្ចាស់ព្រមានពួកយើង” យើងក៏ដាក់ទោសក្រុមគ្រួសាររបស់គេដែរ។
35. អ្នករាល់គ្នាត្រូវសួរគ្នាទៅវិញទៅមក និងសួរបងប្អូនរបស់ខ្លួនថា “តើព្រះអម្ចាស់ឆ្លើយដូចម្ដេច? ព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?”
36. គឺមិនត្រូវពោលពាក្យ “ព្រះអម្ចាស់ព្រមាន” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ គឺព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃយើង។
37. ចូរសួរព្យាការីថា “តើព្រះអម្ចាស់ឆ្លើយមកអ្នកវិញដូចម្ដេច? តើព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេចខ្លះ”?