22. ប្រសិនបើពួកគេបានជួបពិភាក្សាជាមួយយើងនោះពួកគេមុខជានាំពាក្យរបស់យើងទៅប្រាប់ប្រជារាស្ត្ររបស់យើងហើយនាំប្រជាជននេះងាកចេញពីផ្លូវអាក្រក់និងងាកចេញពីអំពើទុច្ចរិតជាមិនខាន។
23. យើងមិនមែនជាព្រះដែលមើលឃើញតែជិតៗប៉ុណ្ណោះទេយើងក៏ជាព្រះដែលមើលឃើញអ្វីៗនៅឆ្ងាយដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
24. គ្មាននរណាម្នាក់ពួននៅកន្លែងមួយហើយយើងមើលមិនឃើញនោះទេដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃនិងនៅលើផែនដី»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
25. «យើងឮពាក្យដែលព្យាការីទាំងនោះថ្លែងក្នុងនាមយើង ពួកគេនិយាយភូតភរ គឺពោលថា “ខ្ញុំសុបិនឃើញដូច្នេះ! ខ្ញុំសុបិនឃើញដូច្នោះ!”។
26. តើព្យាការីទាំងនោះមានគំនិតបែបណា បានជាគេនៅតែចូលចិត្តថ្លែងពាក្យភូតភរ ថ្លែងពាក្យបោកប្រាស់ តាមទំនើងចិត្តរបស់ខ្លួនដូច្នេះ?
27. ពួកគេស្មានថាអាចធ្វើឲ្យប្រជារាស្ដ្ររបស់យើងបំភ្លេចនាមយើង ដោយចាប់អារម្មណ៍ទៅលើសុបិនដែលគេរៀបរាប់ប្រាប់គ្នា ដូចដូនតារបស់ពួកគេបានភ្លេចនាមយើង ទៅគោរពព្រះបាល។
28. ដូច្នេះ ព្យាការីណាយល់សុបិនឲ្យគេរៀបរាប់ពីសុបិននោះទៅ។ រីឯអ្នកដែលទទួលពាក្យយើង ត្រូវយកពាក្យនោះទៅថ្លែងប្រាប់ឲ្យបានត្រឹមត្រូវ។កុំលាយអង្កាម និងអង្ករចូលគ្នា- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
29. ពាក្យរបស់យើងប្រៀបបីដូចជាភ្លើងនិងដូចញញួរដំបំបែកថ្ម- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។