15. ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលស្ដីអំពីពួកព្យាការីថា៖«យើងនឹងឲ្យពួកគេបរិភោគផ្លែស្លែងនិងឲ្យពួកគេផឹកទឹកដែលមានជាតិពុលដ្បិតអំពើទុច្ចរិតបានរាលដាលពាសពេញស្រុកទាំងមូល ព្រោះតែពួកព្យាការីនៅក្រុងយេរូសាឡឹមនេះឯង»។
16. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«កុំស្ដាប់ពាក្យដែលព្យាការីទាំងនោះថ្លែងប្រាប់អ្នករាល់គ្នាឡើយ!ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុសពួកគេរៀបរាប់អំពីនិមិត្តហេតុតាមតែចិត្តរបស់គេនឹកឃើញគឺមិនមែនជាពាក្យរបស់យើងទេ។
17. ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែលប្រមាថមាក់ងាយយើងថា“ព្រះអម្ចាស់មានព្រះបន្ទូលថាអ្នករាល់គ្នានឹងបានសុខសាន្តត្រាណ!”ហើយពោលទៅកាន់អស់អ្នកដែលមានចិត្តរឹងរូសថា“គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។
18. ក្នុងចំណោមអ្នកទាំងនោះតើនរណាបានរួមប្រជុំជាមួយព្រះអម្ចាស់?តើនរណាបានឃើញនិងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ?តើនរណាយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ?
19. ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមកដូចជាខ្យល់ព្យុះ។ព្រះពិរោធនេះប្រៀបដូចជាខ្យល់កំបុតត្បូងបក់នៅលើក្បាលរបស់ពួកទុច្ចរិត។
20. ព្រះពិរោធរបស់ព្រះអម្ចាស់នឹងមិនងាករេចេញទៅណាឡើយដរាបណាទាល់តែបានសម្រេចតាមគម្រោងការរបស់ព្រះអង្គយ៉ាងសុក្រឹតជាមុនសិន។នៅថ្ងៃចុងក្រោយអ្នករាល់គ្នាមុខជាយល់ច្បាស់ពុំខាន។
21. «យើងពុំបានចាត់ព្យាការីទាំងនេះទេតែពួកគេនាំគ្នារត់ទៅយើងពុំបាននិយាយអ្វីជាមួយពួកគេទេតែគេនាំគ្នានិយាយក្នុងនាមយើង។
22. ប្រសិនបើពួកគេបានជួបពិភាក្សាជាមួយយើងនោះពួកគេមុខជានាំពាក្យរបស់យើងទៅប្រាប់ប្រជារាស្ត្ររបស់យើងហើយនាំប្រជាជននេះងាកចេញពីផ្លូវអាក្រក់និងងាកចេញពីអំពើទុច្ចរិតជាមិនខាន។
23. យើងមិនមែនជាព្រះដែលមើលឃើញតែជិតៗប៉ុណ្ណោះទេយើងក៏ជាព្រះដែលមើលឃើញអ្វីៗនៅឆ្ងាយដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
24. គ្មាននរណាម្នាក់ពួននៅកន្លែងមួយហើយយើងមើលមិនឃើញនោះទេដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃនិងនៅលើផែនដី»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
25. «យើងឮពាក្យដែលព្យាការីទាំងនោះថ្លែងក្នុងនាមយើង ពួកគេនិយាយភូតភរ គឺពោលថា “ខ្ញុំសុបិនឃើញដូច្នេះ! ខ្ញុំសុបិនឃើញដូច្នោះ!”។