1. «ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់ខ្ចាយមុខជាត្រូវវេទនាពុំខាន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
2. ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលអំពីពួកមេដឹកនាំ ដែលឃ្វាលប្រជាជនរបស់ព្រះអង្គថា៖ «អ្នករាល់គ្នាបោះបង់ចោលកូនចៀមរបស់យើងឲ្យខ្ចាត់ខ្ចាយ ហើយអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទេ។ ឥឡូវនេះ យើងយកចិត្តទុកដាក់នឹងអ្នករាល់គ្នា គឺដាក់ទោសតាមអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!។
3. «យើងនឹងប្រមូលកូនចៀមរបស់យើង ដែលនៅសេសសល់ពីគ្រប់ស្រុក ដែលយើងបានកំចាត់កំចាយទៅ នោះឲ្យត្រឡប់មកវិញ។ យើងនឹងកៀងពួកគេចូលវាលស្មៅរបស់ខ្លួន ហើយឲ្យពួកគេបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន
4. យើងនឹងតែងតាំងពួកគង្វាលឲ្យដឹកនាំពួកគេ ពេលនោះ ចៀមលែងភ័យខ្លាច ឬញ័ររន្ធត់ទៀតឡើយ ហើយក៏គ្មានចៀមណាមួយបាត់បង់ដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
5. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លកគឺស្ដេចមួយអង្គដ៏សុចរិតកើតចេញពីពូជពង្សរបស់ដាវីឌ។ស្ដេចនោះនឹងគ្រងរាជ្យប្រកបដោយប្រាជ្ញាព្រមទាំងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។
6. នៅរជ្ជកាលរបស់ស្ដេចនោះជនជាតិយូដានឹងទទួលការសង្គ្រោះជនជាតិអ៊ីស្រាអែលនឹងរស់យ៉ាងសុខសាន្ត។គេថ្វាយព្រះនាមស្ដេចនោះថា“ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។
7. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប” ទៀតហើយ
8. ផ្ទុយទៅវិញ គេនឹងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និងពីស្រុកទាំងប៉ុន្មានដែលព្រះអង្គកំចាត់កំចាយពួកគេឲ្យទៅ!”។ យើងនឹងនាំពួកគេឲ្យវិលមកតាំងទីលំនៅក្នុងទឹកដីរបស់ខ្លួនវិញ»។
9. នេះជាព្រះបន្ទូលស្ដីអំពីពួកព្យាការី:ព្រោះតែព្រះអម្ចាស់ និងព្រះបន្ទូលដ៏វិសុទ្ធចិត្តខ្ញុំប្រេះឆា ឆ្អឹងរបស់ខ្ញុំរញ្ជួយញាប់ញ័រខ្ញុំប្រៀបបាននឹងមនុស្សស្រវឹងស្រាដើរទ្រេតទ្រោត។
10. នៅក្នុងស្រុក ពួកគេប្រព្រឹត្តអំពើផិតក្បត់គ្រប់ៗគ្នាអ្នកស្រុកទាំងមូលកាន់ទុក្ខ ព្រោះត្រូវបណ្ដាសាវាលស្មៅក្រៀមស្ងួតអស់ព្រោះប្រជាជនគិតតែពីរត់ទៅរកអំពើអាក្រក់ហើយក្លាហានក្នុងការប្រព្រឹត្តអំពើទុច្ចរិត។
11. ពួកព្យាការី និងពួកបូជាចារ្យសុទ្ធតែទុច្ចរិតសូម្បីតែនៅក្នុងដំណាក់របស់យើងក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. ហេតុនេះហើយបានជាផ្លូវដែលគេដើរក្លាយទៅជាផ្លូវរអិល និងងងឹតពួកគេនឹងជំពប់ជើងដួលដ្បិតនៅឆ្នាំដែលយើងត្រូវដាក់ទោសពួកគេយើងនឹងធ្វើឲ្យគ្រោះកាចកើតមានដល់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។