3. ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។
4. ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមពាក្យនេះ ស្ដេចទាំងឡាយដែលគ្រងរាជ្យតពីស្ដេចដាវីឌ នឹងជិះរទេះ ជិះសេះ ចូលតាមទ្វារវាំងនេះជាមួយពួកមន្ត្រី និងប្រជាជនតទៅមុខទៀត។
5. ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យនេះទេ យើងសូមស្បថក្នុងនាមយើងផ្ទាល់ថា វាំងនេះនឹងក្លាយទៅជាគំនរឥដ្ឋ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
6. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ទោះបីយើងចាត់ទុកវាំងរបស់ស្ដេចស្រុកយូដាថាស្អាតដូចព្រៃនៅស្រុកកាឡាដនិងដូចកំពូលភ្នំលីបង់ក៏ដោយយើងនឹងធ្វើឲ្យវាំងនេះក្លាយទៅជាវាលរហោស្ថានជាកន្លែងដែលគ្មាននរណារស់នៅ។
7. យើងនឹងចាត់មនុស្សឲ្យមកបំផ្លាញវាំងនេះគេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃបោះទៅក្នុងភ្លើង។
8. ប្រជាជាតិជាច្រើនដែលនឹងដើរជិតទីក្រុងមុខជាសួរគ្នាថា “ហេតុអ្វីបានជាព្រះអម្ចាស់ដាក់ទោសទីក្រុងដ៏ធំនេះដូច្នេះ?”
9. គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួនហើយបែរទៅក្រាបថ្វាយបង្គំនិងគោរពបម្រើព្រះដទៃ”»។
10. កុំយំស្រណោះស្ដេចយ៉ូសៀសដែលសោយទិវង្គតទៅនោះឡើយកុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀតផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូមដែលនឹងចាកចេញទៅដ្បិតទ្រង់នឹងមិនវិលត្រឡប់មកវិញឡើយហើយទ្រង់ក៏នឹងមិនឃើញស្រុកកំណើតទៀតដែរ។
11. ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្ដេចសាលូមជាបុត្ររបស់ស្ដេចយ៉ូសៀសដែលស្នងរាជ្យបិតានៅស្រុកយូដាហើយដែលចាកចេញពីទីនេះទៅថាទ្រង់នឹងមិនវិលត្រឡប់មកវិញទេ
12. ទ្រង់នឹងសុគតនៅក្នុងស្រុកដែលទ្រង់ត្រូវគេកៀរយកទៅជាឈ្លើយដោយឥតបានឃើញស្រុកនេះវិញឡើយ។
13. «យេហូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន!ដ្បិតអ្នកសង់វាំងតែមិនប្រព្រឹត្តតាមសេចក្ដីសុចរិតអ្នកសង់បន្ទប់នៅជាន់ខាងលើតែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌អ្នកប្រើប្រជារាស្ត្រឲ្យធ្វើការតែមិនឲ្យប្រាក់ឈ្នួលទេ។
14. អ្នកពោលថា “យើងនឹងសង់ដំណាក់មួយដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសម្រាប់យើង”។អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃហើយលាបពណ៌ក្រហម។
15. តើអ្នកចង់ពង្រឹងរាជសម្បត្តិដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ?បិតារបស់អ្នកធ្លាប់បរិភោគបាយទឹកដូចអ្នកឯទៀតៗដែរតែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិតនិងយុត្តិធម៌ហេតុនេះហើយបានជាបិតារបស់អ្នកបានប្រកបដោយសេចក្ដីសុខសាន្ត។
16. បិតារបស់អ្នករកយុត្តិធម៌ឲ្យជនទុគ៌តនិងជនក្រីក្រហេតុនេះហើយបានជាស្រុកទេសមានសេចក្ដីសុខសាន្ត។ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។