21. ពេលស្រុកសុខសាន្តយើងបាននិយាយជាមួយអ្នកតែអ្នកមិនព្រមស្ដាប់ទេ។អ្នកតែងប្រកាន់ឫកពាដូច្នេះតាំងពីក្មេងមកគឺអ្នកមិនព្រមស្ដាប់យើងឡើយ។
22. ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នកទៅបាត់អស់ គូស្នេហ៍របស់អ្នកនឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខព្រោះតែអំពើទុច្ចរិតរបស់អ្នក។
23. អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូររមួលខ្លួន ដូចស្ត្រីសម្រាលកូន!»។
24. ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ទៅកាន់ព្រះបាទយេកូនាស បុត្ររបស់ស្ដេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា៖ «ទោះបីអ្នកប្រៀបបាននឹងត្រាដែលយើងពាក់នៅដៃស្ដាំក្ដី ក៏យើងត្រូវដកអ្នកចេញដែរ។
25. យើងនឹងប្រគល់អ្នកទៅឲ្យពួកដែលចង់ប្រហារជីវិតអ្នក។ យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលធ្វើឲ្យអ្នកញ័ររន្ធត់ គឺក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន និងក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ។
26. យើងនឹងបោះបង់ចោលអ្នក ព្រមទាំងម្ដាយដែលបានបង្កើតអ្នក។ អ្នកនឹងត្រូវស្លាប់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុកកំណើតរបស់អ្នក។
27. អ្នកប្រាថ្នាចង់វិលមកស្រុកកំណើតវិញណាស់ តែពុំអាចវិលត្រឡប់មកវិញបានឡើយ»។
28. តើព្រះបាទយេកូនាសក្លាយទៅជាមនុស្សគួរឲ្យមាក់ងាយ ដូចថូកំបែកដែលគេបោះចោល គ្មាននរណាចង់បានឬ? ហេតុអ្វីបានជាស្ដេចនេះ និងព្រះរាជវង្ស ត្រូវព្រះអម្ចាស់បោះបង់ចោល ហើយខ្មាំងចាប់យកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលគេពុំធ្លាប់ស្គាល់?
29. ឱមាតុភូមិ ឱមាតុភូមិអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
30. ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ចូរចាត់ទុកបុរសនេះដូចមនុស្សគ្មានកូនតពូជ និងដូចមនុស្សធ្វើអ្វីពុំបានសម្រេចនៅក្នុងជីវិត ដ្បិតក្នុងចំណោមពូជពង្សរបស់គេ នឹងគ្មាននរណាម្នាក់ស្នងរាជ្យរបស់ដាវីឌ ហើយក៏គ្មាននរណាម្នាក់គ្រប់គ្រងលើស្រុកយូដាដែរ»។