3. លោកយេរេមាតបទៅលោកទាំងពីរវិញថា៖ «សូមលោកទូលព្រះបាទសេដេគាដូចតទៅ:
4. ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា: “មើល៍! ពលទាហានរបស់អ្នករាល់គ្នាកំពុងតែច្បាំងតទល់នឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងជនជាតិខាល់ដេដែលកំពុងតែឡោមព័ទ្ធកំពែងក្រុងពីខាងក្រៅ។ យើងនឹងធ្វើឲ្យទាហានទាំងនោះដកខ្លួនថយចូលមកក្នុងទីក្រុងវិញ។
5. យើងនឹងប្រើឫទ្ធានុភាពរបស់យើងវាយប្រហារអ្នករាល់គ្នា ដោយផ្ទាល់ដៃ តាមកំហឹងដ៏ខ្លាំងក្លាបំផុតរបស់យើង។
6. យើងនឹងប្រហារទាំងមនុស្ស ទាំងសត្វ នៅក្រុងនេះ ឲ្យស្លាប់ ដោយជំងឺអាសន្នរោគយ៉ាងសាហាវបំផុត។
7. បន្ទាប់មកទៀត យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រី ប្រជាជន និងអ្នកក្រុងដែលនៅសេសសល់ពីស្លាប់ដោយសារជំងឺអាសន្នរោគ មុខដាវ និងទុរ្ភិក្ស ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ ស្ដេចបាប៊ីឡូននឹងប្រហារជីវិតពួកគេដោយមុខដាវ ឥតអាសូរ ឥតត្រាប្រណី និងអាណិតមេត្តាឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
8. «ចំណែកឯប្រជាជននោះវិញ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងមានផ្លូវពីរឲ្យអ្នករាល់គ្នាជ្រើសរើស គឺផ្លូវនៃជីវិត និងផ្លូវនៃសេចក្ដីស្លាប់។
9. អ្នកណាទ្រាំរស់នៅក្នុងក្រុងនេះតទៅមុខទៀត អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកចេញទៅចុះចូលនឹងជនជាតិខាល់ដេដែលឡោមព័ទ្ធទីក្រុង នឹងបានរួចជីវិត។