1. នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ឆ្លើយតបមកព្រះបាទសេដេគា តាមរយៈលោកយេរេមា។ ព្រះបាទសេដេគាបានចាត់លោកផាសហ៊ើរ ជាកូនរបស់លោកម៉ាល់គា និងលោកបូជាចារ្យសេផានាជាកូនរបស់លោកម៉ាសេយ៉ា ឲ្យមកសួរលោកយេរេមាថា
2. “ចូរសួរព្រះអម្ចាស់ឲ្យយើងផង ដ្បិតព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកច្បាំងជាមួយយើង។ ប្រហែលជាព្រះអម្ចាស់ធ្វើការអស្ចារ្យណាមួយ ដើម្បីជួយយើង ដោយធ្វើឲ្យព្រះចៅនេប៊ូក្នេសាដកទ័ពថយចេញឆ្ងាយពីយើង”។
3. លោកយេរេមាតបទៅលោកទាំងពីរវិញថា៖ «សូមលោកទូលព្រះបាទសេដេគាដូចតទៅ:
4. ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា: “មើល៍! ពលទាហានរបស់អ្នករាល់គ្នាកំពុងតែច្បាំងតទល់នឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងជនជាតិខាល់ដេដែលកំពុងតែឡោមព័ទ្ធកំពែងក្រុងពីខាងក្រៅ។ យើងនឹងធ្វើឲ្យទាហានទាំងនោះដកខ្លួនថយចូលមកក្នុងទីក្រុងវិញ។
5. យើងនឹងប្រើឫទ្ធានុភាពរបស់យើងវាយប្រហារអ្នករាល់គ្នា ដោយផ្ទាល់ដៃ តាមកំហឹងដ៏ខ្លាំងក្លាបំផុតរបស់យើង។
6. យើងនឹងប្រហារទាំងមនុស្ស ទាំងសត្វ នៅក្រុងនេះ ឲ្យស្លាប់ ដោយជំងឺអាសន្នរោគយ៉ាងសាហាវបំផុត។
7. បន្ទាប់មកទៀត យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រី ប្រជាជន និងអ្នកក្រុងដែលនៅសេសសល់ពីស្លាប់ដោយសារជំងឺអាសន្នរោគ មុខដាវ និងទុរ្ភិក្ស ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ ស្ដេចបាប៊ីឡូននឹងប្រហារជីវិតពួកគេដោយមុខដាវ ឥតអាសូរ ឥតត្រាប្រណី និងអាណិតមេត្តាឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។