8. ក្រុមបូជាចារ្យពុំដែលសួរថា“ព្រះអម្ចាស់នៅឯណា?”គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើងពួកព្យាការីនិយាយក្នុងនាមព្រះបាលហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយដែលពុំអាចជួយពួកគេបានឡើយ។
9. ហេតុនេះហើយបានជាយើងឡើងក្ដីនឹងអ្នករាល់គ្នាព្រមទាំងកូនចៅរបស់អ្នករាល់គ្នា។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10. ចូរទៅកោះគីទីមដែលនៅដាច់ស្រយាលហើយសង្កេតមើលចុះចូរចាត់មនុស្សឲ្យទៅស្រុកកេដារហើយស៊ើបសួរឲ្យបានហ្មត់ចត់ថាតើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូចអ្នករាល់គ្នាឬទេ?
11. តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរព្រះរបស់ខ្លួនឬទេ? (តាមពិត ព្រះទាំងនោះពុំមែនជាព្រះពិតប្រាកដទេ)។រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរព្រះដែលផ្ដល់ឲ្យគេមានសិរីរុងរឿងហើយបែរជានាំគ្នាគោរពព្រះដែលឥតបានការទៅវិញ។
12. ផ្ទៃមេឃអើយ! ចូរតក់ស្លុតចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ!-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាងគឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរបែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះមិនអាចទុកទឹកបាននោះទៅវិញ។
14. តើអ៊ីស្រាអែលជាទាសករដែលគេទិញមកឬជាទាសករដែលកើតក្នុងផ្ទះបានជាសាសន៍ដទៃនាំគ្នាវាយដណ្ដើមពួកគេដូច្នេះ?
15. ពួកគេគ្រហឹមដាក់អ៊ីស្រាអែលដូចសិង្ហគ្រហឹមពួកគេស្រែកគំរាម និងបំផ្លាញស្រុកឲ្យវិនាសហិនហោចពួកគេដុតក្រុងទាំងឡាយហើយគ្មាននរណារស់ក្នុងក្រុងនោះទៀតទេ។
16. សូម្បីតែជនជាតិណូប និងជនជាតិតាហាពេនេសក៏នាំគ្នាកោរសក់អ៊ីស្រាអែលនាំយកទៅជាឈ្លើយដែរ។
17. អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់ ព្រះអម្ចាស់ជាព្រះរបស់អ្នកក្នុងពេលដែលព្រះអង្គកំពុងដឹកនាំអ្នក។
18. ឥឡូវនេះ តើមានអ្វីទាក់ទាញអ្នកឲ្យទៅស្រុកអេស៊ីប ទៅរកផឹកទឹកទន្លេនីលឬ?តើមានអ្វីទាក់ទាញអ្នកឲ្យទៅស្រុកអាស្ស៊ីរីទៅរកផឹកទឹកទន្លេអឺប្រាតឬ?