1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាថា៖ «ចូរទៅទិញក្អមមួយពីជាងស្មូន រួចបបួលព្រឹទ្ធាចារ្យ*ខ្លះក្នុងចំណោមប្រជាជន និងក្នុងចំណោមបូជាចារ្យ*ទៅជាមួយអ្នក
2. ឆ្ពោះទៅជ្រោះហ៊ីនណមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះ អ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។
3. អ្នកត្រូវប្រកាសដូចតទៅ: “ព្រះមហាក្សត្រស្រុកយូដា និងប្រជាជនក្រុងយេរូសាឡឹមអើយ សូមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: យើងនឹងធ្វើឲ្យមហន្តរាយកើតមាននៅទីនេះ។ អស់អ្នកដែលឮដំណឹងនេះនឹងក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។
4. ប្រជាជនយូដាបោះបង់ចោលយើង ពួកគេធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង គឺពួកគេថ្វាយសក្ការបូជាគោរពដល់ព្រះដទៃ ជាព្រះដែលពុំបានជួយថែរក្សាពួកគេផ្ទាល់ ឬដូនតារបស់ពួកគេ ឬស្ដេចរបស់ជនជាតិយូដាទាល់តែសោះ។ ពួកគេធ្វើឲ្យកន្លែងនេះប្រឡាក់ពេញដោយឈាមរបស់ជនស្លូតត្រង់។
5. ពួកគេសង់ទីសក្ការៈ ដើម្បីយកកូនប្រុសរបស់ខ្លួនទៅបូជា សែនព្រះបាល ជាអំពើមួយដែលយើងពុំបានបង្គាប់សោះ ហើយយើងក៏មិនដែលនឹកឃើញបែបនេះដែរ។