1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖
2. «ចូរក្រោកឡើង ទៅផ្ទះរបស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្ដីដែលយើងប្រាប់អ្នកឲ្យដឹង»។
3. ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។
4. ពេលណាជាងស្មូនឃើញថូដែលគាត់កំពុងសូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយផ្សេងទៀត ដែលគាប់ចិត្តគាត់។
5. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
6. «កូនចៅអ៊ីស្រាអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អ្នករាល់គ្នានៅក្នុងដៃយើង ដូចដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។
7. ជួនកាល យើងសម្រេចថា រំលើង និងរំលំប្រជាជាតិណាមួយ ឬនគរណាមួយឲ្យវិនាស។
8. ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។
9. ជួនកាលយើងសម្រេចថា កសាង និងបណ្ដុះបណ្ដាលប្រជាជាតិណាមួយ ឬនគរណាមួយឡើង។
10. ប៉ុន្តែ ប្រសិនបើពួកគេមិនព្រមស្ដាប់ពាក្យប្រៀនប្រដៅរបស់យើង ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់ដែលទាស់ចិត្តយើង នោះយើងនឹងលែងប្រព្រឹត្តល្អចំពោះពួកគេ តាមការសម្រេចរបស់យើង។
11. ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។