5. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថាជនណាផ្ញើជីវិតលើមនុស្សហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍ដោយបែរចិត្តចេញពីព្រះអម្ចាស់ជននោះមុខជាត្រូវបណ្ដាសាពុំខាន!
6. គេប្រៀបបាននឹងដើមឈើក្រិននៅតាមព្រៃល្បោះគេពុំអាចជួបនឹងសុភមង្គលឡើយ។គេរស់នៅតាមកន្លែងក្ដៅហួតហែងក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះនិងគ្មានមនុស្សនៅ។
7. រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់និងយកព្រះអង្គធ្វើជាបង្អែកពិតជាទទួលព្រះពរមិនខាន!
8. អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹកដែលមានឫសចាក់ទៅរកទឹកហូរវាមិនខ្លាចកម្ដៅហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេគឺវានៅតែបង្កើតផ្លែផ្កាដដែល។
9. ចិត្តរបស់មនុស្សតែងតែវៀចវេរមិនអាចកែតម្រង់បានឡើយហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។
10. ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្សយើងមើលធ្លុះអាថ៌កំបាំងរបស់គេដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗតាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
11. អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។នៅពេលពាក់កណ្ដាលអាយុទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅហើយនៅទីបញ្ចប់គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ។
12. ទីសក្ការៈរបស់យើងជាបល្ល័ង្កមួយដ៏រុងរឿងតាំងពីដើមដំបូងរៀងមក។
13. ឱព្រះអម្ចាស់អើយព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល!អស់អ្នកដែលបោះបង់ចោលព្រះអង្គនឹងត្រូវអាម៉ាស់អស់អ្នកដែលងាកចេញពីព្រះអង្គនឹងត្រូវវិនាសទៅជាធូលីដីដ្បិតពួកគេបានបោះបង់ចោលព្រះអម្ចាស់ដែលជាប្រភពទឹកផ្ដល់ជីវិត។
14. ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជានោះទូលបង្គំនឹងបានជាសូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិតដ្បិតព្រះអង្គតែងប្រោសប្រទានឲ្យទូលបង្គំសរសើរតម្កើងព្រះអង្គ!
15. ពួកគេពោលមកទូលបង្គំថា:“តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅឯណាចូរឲ្យព្រះបន្ទូលនោះសម្រេចជារូបរាងចុះ!”
16. ចំណែកឯទូលបង្គំវិញ ទូលបង្គំពុំបានទទូចសូមព្រះអង្គដាក់ទោសពួកគេជាប្រញាប់ទេ។ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំមិនចង់ឃើញថ្ងៃអន្តរាយនោះកើតមានចំពោះពួកគេឡើយ។ព្រះអង្គជ្រាបនូវពាក្យសម្ដីរបស់ទូលបង្គំច្បាស់ណាស់។