5. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កុំចូលទៅក្នុងផ្ទះណាដែលមានគេកាន់ទុក្ខ កុំចូលរួមក្នុងពិធីបញ្ចុះសព ហើយកុំជួយរំលែកទុក្ខនរណាឲ្យសោះ ដ្បិតយើងដកសេចក្ដីសុខ សេចក្ដីសប្បុរស និងសេចក្ដីអាណិតមេត្តារបស់យើងចេញពីប្រជារាស្ត្រនេះហើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
6. អ្នកស្រុកនេះនឹងត្រូវស្លាប់ទាំងអស់គ្នា គឺទាំងអ្នកធំ ទាំងអ្នកតូច ដោយគ្មាននរណាបញ្ចុះសព និងយំសោក ហើយគ្មាននរណាឆូតសាច់ ឬកោរសក់កាន់ទុក្ខទេ។
7. គ្មាននរណាកាច់នំបុ័ងចែកដល់គ្រួសារដែលកាន់ទុក្ខ ហើយក៏គ្មាននរណាលើកពែងជូនគេ ដើម្បីជួយរំលែកទុក្ខអ្នកដែលបាត់បង់ឪពុកម្ដាយដែរ។
8. កុំចូលទៅក្នុងផ្ទះដែលកំពុងតែជប់លៀង គឺកុំអង្គុយស៊ីផឹកជាមួយពួកគេឡើយ
9. ដ្បិតយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងធ្វើឲ្យលែងមានសម្រែកក្អាកក្អាយ ព្រមទាំងចម្រៀងរបាំដ៏សប្បាយ និងបទចម្រៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាទៀតហើយ។ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះផ្ទាល់នឹងភ្នែកនៅទីនេះ។
10. ពេលអ្នកនាំពាក្យទាំងនេះទៅប្រកាសប្រាប់ប្រជាជន ពួកគេមុខជាសួរថា “ហេតុអ្វីបានជាព្រះអម្ចាស់ចង់ដាក់ទោសពួកយើងយ៉ាងធ្ងន់ធ្ងរបែបនេះ តើពួកយើងធ្វើអ្វីខុស? តើពួកយើងប្រព្រឹត្តអំពើបាបណាមួយទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង?”
11. ត្រូវឆ្លើយទៅពួកគេវិញ ដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ដូនតារបស់អ្នករាល់គ្នាបានបោះបង់ចោលយើង ហើយនាំគ្នារត់តាមព្រះឯទៀតៗ។ ពួកគេនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ គឺពួកគេបោះបង់ចោលយើង ហើយមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់យើងទេ។
12. រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ជាងដូនតារបស់អ្នករាល់គ្នាទៅទៀត គឺម្នាក់ៗនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ឥតស្ដាប់យើងឡើយ។
13. ហេតុនេះហើយបានជាយើងដេញអ្នករាល់គ្នាចេញពីស្រុកនេះ ទៅស្រុកមួយដែលអ្នករាល់គ្នាមិនស្គាល់ ហើយដូនតារបស់អ្នករាល់គ្នាក៏មិនធ្លាប់ស្គាល់ដែរ។ នៅទីនោះ អ្នករាល់គ្នានឹងគោរពបម្រើព្រះដទៃ ទាំងថ្ងៃទាំងយប់ យើងនឹងមិនអាណិតអាសូរអ្នករាល់គ្នាទៀតឡើយ»។
14. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប” ទៀតហើយ