13. ហេតុនេះហើយបានជាយើងដេញអ្នករាល់គ្នាចេញពីស្រុកនេះ ទៅស្រុកមួយដែលអ្នករាល់គ្នាមិនស្គាល់ ហើយដូនតារបស់អ្នករាល់គ្នាក៏មិនធ្លាប់ស្គាល់ដែរ។ នៅទីនោះ អ្នករាល់គ្នានឹងគោរពបម្រើព្រះដទៃ ទាំងថ្ងៃទាំងយប់ យើងនឹងមិនអាណិតអាសូរអ្នករាល់គ្នាទៀតឡើយ»។
14. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប” ទៀតហើយ
15. ផ្ទុយទៅវិញ គេនឹងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និងស្រុកឯទៀតៗដែលព្រះអង្គបានកំចាត់កំចាយពួកគេឲ្យទៅ” យើងនឹងនាំពួកគេឲ្យវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ គឺទឹកដីដែលយើងបានប្រគល់ឲ្យបុព្វបុរស*របស់ពួកគេ»។
16. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាត់អ្នកនេសាទជាច្រើនឲ្យទៅ។ អ្នកនេសាទទាំងនោះនឹងចាប់ប្រជាជននេះ ដូចចាប់ត្រី។ បន្ទាប់មក យើងនឹងចាត់ព្រានជាច្រើនឲ្យទៅ ព្រានទាំងនោះនឹងបរបាញ់ពួកគេ នៅតាមភ្នំតូចធំទាំងប៉ុន្មាន ព្រមទាំងតាមក្រហែងថ្មនានា។