11. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កុំអង្វរយើង ឲ្យត្រាប្រណីប្រជាជននេះធ្វើអ្វី!
12. ទោះបីពួកគេតមអាហារក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេថ្វាយតង្វាយដុត និងតង្វាយផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។
13. ខ្ញុំទូលព្រះអង្គថា៖ «បពិត្រព្រះជាអម្ចាស់ ពួកព្យាការីប្រាប់ពួកគេថា “អ្នករាល់គ្នានឹងមិនជួបសង្គ្រាម មិនជួបទុរ្ភិក្សទេ! ផ្ទុយទៅវិញ ព្រះអម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្តដ៏ពេញលេញ ក្នុងស្រុកនេះ”»។
14. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំវិញថា៖ «ព្យាការីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេឲ្យថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការ ដែលជាការបោកប្រាស់។
15. ហេតុនេះហើយបានជាយើងដែលជាព្រះអម្ចាស់ យើងសុំប្រកាសថា ព្យាការីដែលនាំគ្នាថ្លែងសេចក្ដីក្នុងនាមយើង ដោយយើងមិនបានប្រើ គឺប្រកាសថា គ្មានសង្គ្រាម ឬទុរ្ភិក្សនៅស្រុកនេះ មុខជាត្រូវវិនាសដោយសារសង្គ្រាម និងទុរ្ភិក្សមិនខាន។
16. រីឯប្រជាជនដែលបានស្ដាប់ពាក្យរបស់ព្យាការីទាំងនោះ ក៏ត្រូវស្លាប់ដោយសារទុរ្ភិក្ស និងសង្គ្រាមដែរ ហើយសាកសពរបស់គេ នឹងត្រូវបោះបង់ចោលនៅតាមដងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ដ្បិតគ្មាននរណាកប់ខ្មោចពួកគេ ឬខ្មោចប្រពន្ធ និងខ្មោចកូនប្រុសស្រីរបស់គេឡើយ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។
17. ចូរអ្នកប្រកាសពាក្យនេះថា:“ទឹកភ្នែករបស់យើងហូរទាំងយប់ទាំងថ្ងៃឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារីគឺក្រុងនៃប្រជាជនរបស់យើងត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។
18. ពេលចេញទៅស្រុកស្រែយើងឃើញសុទ្ធតែសាកសពដែលស្លាប់ដោយមុខដាវពេលចូលក្នុងទីក្រុងយើងឃើញសុទ្ធតែអ្នករងទុក្ខដោយទុរ្ភិក្ស។ព្យាការី និងបូជាចារ្យធ្វើដំណើរឆ្លងកាត់ស្រុកតែពុំយល់អ្វីឡើយ”»។
19. ឱព្រះអម្ចាស់អើយតើព្រះអង្គពិតជាបោះបង់ចោលយូដាឬ?តើព្រះអង្គស្អប់ក្រុងស៊ីយ៉ូនឬ?ហេតុអ្វីបានជាព្រះអង្គវាយយើងខ្ញុំឲ្យរបួសមើលមិនជាដូច្នេះ?យើងខ្ញុំសង្ឃឹមថាបានសុខតែគ្មានអ្វីល្អប្រសើរកើតឡើងសោះយើងខ្ញុំសង្ឃឹមថាបានជាសះស្បើយតែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។
20. ឱព្រះអម្ចាស់អើយ យើងខ្ញុំសូមសារភាពថាយើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្តអំពើទុច្ចរិតដែរ។យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
21. ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គសូមមេត្តាកុំបំបាក់មុខយើងខ្ញុំសូមកុំធ្វើឲ្យក្រុងយេរូសាឡឹមដែលជាបល្ល័ង្កដ៏រុងរឿងរបស់ព្រះអង្គត្រូវអាម៉ាស់។សូមនឹកចាំពីសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយយើងខ្ញុំសូមកុំផ្ដាច់សម្ពន្ធមេត្រីនេះឡើយ។
22. ក្នុងចំណោមព្រះដ៏ឥតបានការរបស់ប្រជាជាតិទាំងឡាយគ្មានព្រះណាអាចធ្វើឲ្យភ្លៀងធ្លាក់បានទេ!សូម្បីតែមេឃផ្ទាល់ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយមានតែព្រះអង្គទេដែលអាចបង្អុរភ្លៀងបានយើងខ្ញុំសង្ឃឹមលើព្រះអង្គតែមួយប៉ុណ្ណោះត្បិតហេតុការណ៍ទាំងនេះកើតមកពីព្រះអង្គ។