4. «ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ!»។
5. ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅជិតទន្លេអឺប្រាត តាមបញ្ជារបស់ព្រះអម្ចាស់។
6. យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។
7. ខ្ញុំក៏ទៅទន្លេអឺប្រាត កាយយកក្រណាត់ដែលខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើត។
8. ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
9. «យើងនឹងធ្វើឲ្យចិត្តអួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹម បានដូចក្រណាត់ពុកនោះដែរ។
10. ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្ដាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឲ្យពួកគេបានដូចក្រណាត់នេះ ដែលយកទៅប្រើការលែងកើត!
11. មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. «ចូរអ្នកយកពាក្យនេះទៅប្រាប់ពួកគេថា ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “ធម្មតា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក”។ ពួកគេនឹងតបមកអ្នកវិញថា “យើងដឹងហើយថា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក!”។
13. ពេលនោះ អ្នកត្រូវពោលទៅពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបង្អកស្រាដល់ប្រជាជនទាំងអស់នៅស្រុកនេះ ព្រមទាំងស្ដេចរបស់ពួកគេដែលស្នងរាជ្យតពីដាវីឌ ពួកបូជាចារ្យ ពួកព្យាការី និងអ្នកក្រុងយេរូសាឡឹមទាំងមូល រហូតដល់ស្រវឹង។
14. យើងនឹងបណ្ដាលឲ្យពួកគេសម្លាប់គ្នា ទាំងឪពុក ទាំងកូន គឺយើងមិនត្រាប្រណី មិនមេត្តា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនឲ្យកម្ទេចពួកគេឡើយ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
15. ពេលព្រះអម្ចាស់មានព្រះបន្ទូលចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់កុំវាយឫកខ្ពស់ឲ្យសោះ!
16. ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាមុនពេលព្រះអង្គនាំភាពងងឹតចូលមកហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំដែលគ្របដណ្ដប់ដោយភាពអន្ធការ។អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃតែព្រះអង្គបានធ្វើឲ្យថ្ងៃនោះក្លាយទៅជាយប់ដ៏សែនងងឹតព្រះអង្គធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជាពពកដ៏ខ្មៅងងឹត។
17. ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេនោះខ្ញុំនឹងទៅពួនយំ សោកស្ដាយព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេងព្រោះហ្វូងចៀមរបស់ព្រះអម្ចាស់ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
18. ចូរទូលស្ដេច និងមាតារបស់ស្ដេចថា:“សូមគង់ផ្ទាល់នឹងដីទៅ!ដ្បិតមកុដរាជ្យរបស់ព្រះករុណាបានធ្លាក់ចុះពីសិរសាហើយ”។
19. ទ្វារក្រុងទាំងឡាយនៅតំបន់ខាងត្បូងបិទអស់ហើយ គ្មាននរណាមកបើកទៀតទេជនជាតិយូដាទាំងមូលត្រូវខ្មាំងនាំយកទៅជាឈ្លើយសឹកអស់គ្មានសល់។
20. «យេរូសាឡឹមអើយ ចូរងើបមុខឡើងសម្លឹងមើលសត្រូវ ដែលមកពីទិសខាងជើងតើហ្វូងចៀមដែលយើងបានប្រគល់ឲ្យអ្នកគឺប្រជាជនដែលធ្លាប់ធ្វើឲ្យអ្នកបានខ្ពស់មុខទៅណាបាត់អស់ហើយ?
21. អ្នកធ្លាប់ចាត់ទុកខ្មាំងសត្រូវជាសម្ពន្ធមិត្តពេលពួកគេមកបំផ្លាញអ្នកតើអ្នកថ្លែងដូចម្ដេចទៅ?អ្នកនឹងឈឺចាប់យ៉ាងខ្លាំងដូចស្ត្រីដែលហៀបនឹងសម្រាលកូន។