2. ខ្ញុំក៏ទៅទិញក្រណាត់យកមកក្រវាត់ចង្កេះ តាមបញ្ជារបស់ព្រះអម្ចាស់។
3. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំសាជាថ្មីថា៖
4. «ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ!»។
5. ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅជិតទន្លេអឺប្រាត តាមបញ្ជារបស់ព្រះអម្ចាស់។
6. យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។
7. ខ្ញុំក៏ទៅទន្លេអឺប្រាត កាយយកក្រណាត់ដែលខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើត។
8. ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
9. «យើងនឹងធ្វើឲ្យចិត្តអួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹម បានដូចក្រណាត់ពុកនោះដែរ។
10. ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្ដាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឲ្យពួកគេបានដូចក្រណាត់នេះ ដែលយកទៅប្រើការលែងកើត!
11. មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. «ចូរអ្នកយកពាក្យនេះទៅប្រាប់ពួកគេថា ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “ធម្មតា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក”។ ពួកគេនឹងតបមកអ្នកវិញថា “យើងដឹងហើយថា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក!”។
13. ពេលនោះ អ្នកត្រូវពោលទៅពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបង្អកស្រាដល់ប្រជាជនទាំងអស់នៅស្រុកនេះ ព្រមទាំងស្ដេចរបស់ពួកគេដែលស្នងរាជ្យតពីដាវីឌ ពួកបូជាចារ្យ ពួកព្យាការី និងអ្នកក្រុងយេរូសាឡឹមទាំងមូល រហូតដល់ស្រវឹង។
14. យើងនឹងបណ្ដាលឲ្យពួកគេសម្លាប់គ្នា ទាំងឪពុក ទាំងកូន គឺយើងមិនត្រាប្រណី មិនមេត្តា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនឲ្យកម្ទេចពួកគេឡើយ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
15. ពេលព្រះអម្ចាស់មានព្រះបន្ទូលចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់កុំវាយឫកខ្ពស់ឲ្យសោះ!