1. បពិត្រព្រះអម្ចាស់ព្រះអង្គសុចរិតពន់ពេកណាស់ទូលបង្គំពុំអាចតវ៉ារកខុសត្រូវជាមួយព្រះអង្គបានទេ។ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យរបស់ព្រះអង្គហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុងចម្រើនក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ?ហេតុអ្វីបានជាមនុស្សក្បត់រស់នៅយ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?
2. ព្រះអង្គបានដាំពួកគេ ហើយពួកគេក៏ចាក់ឫសចម្រើនឡើង និងមានផ្លែផ្កា។ពួកគេពោលពីព្រះនាមព្រះអង្គមិនដាច់ពីមាត់តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះអង្គ។
3. ឱព្រះអម្ចាស់អើយ ព្រះអង្គស្គាល់ទូលបង្គំព្រះអង្គទតឃើញទូលបង្គំព្រះអង្គឈ្វេងយល់ថាទូលបង្គំជំពាក់ចិត្តនឹងព្រះអង្គ។រីឯអ្នកទាំងនោះវិញសូមព្រះអង្គយកពួកគេចេញដូចកូនចៀមដែលគេនាំទៅទីសត្តឃាតសូមញែកពួកគេទុកដោយឡែកសម្រាប់ថ្ងៃប្រហារជីវិត។
4. តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចម្ការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួតដូច្នេះដល់កាលណាទៀត។ ដោយសារអំពើអាក្រក់របស់អ្នកស្រុកនេះ សត្វចតុប្បាទ និងបក្សាបក្សី ត្រូវវិនាសអស់ ដ្បិតពួកគេពោលថា “យើងធ្វើអ្វីក៏ព្រះអង្គមិនឃើញដែរ!”។
5. «បើអ្នកពុំអាចរត់ប្រណាំងនឹងមនុស្សថ្មើរជើងបានផងធ្វើម្ដេចអាចរត់ប្រណាំងនឹងសេះបាន?បើអ្នកគ្មានសេចក្ដីសុខនៅក្នុងស្រុកដែលមានសន្តិសុខផងធ្វើដូចម្ដេចអាចមានសេចក្ដីសុខនៅក្នុងព្រៃជិតទន្លេយ័រដាន់?
6. សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្ដី មិនត្រូវទុកចិត្តពួកគេឡើយ»។
7. យើងបោះបង់ចោលដំណាក់របស់យើងយើងលះបង់ចោលកេរមត៌ករបស់យើងយើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើងទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
8. ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃគឺគេគ្រហឹមដាក់យើងហេតុនេះហើយបានជាយើងឈប់ស្រឡាញ់គេទៀត។
9. ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ប្រៀបបាននឹងបក្សីចំរុះពណ៌ដែលត្មាតចោមរោមគ្រប់ទិសទី។ចូរទៅប្រមែប្រមូលសត្វព្រៃទាំងប៉ុន្មានហើយនាំពួកវាមកស៊ីសាកសព។
10. ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិនចម្ការទំពាំងបាយជូររបស់យើងពួកគេជាន់កម្ទេចចម្ការរបស់យើងពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើងឲ្យក្លាយទៅជាទីស្មសាននិងវិនាសហិនហោចអស់។
11. ពិតមែនហើយ ពួកគេបានធ្វើឲ្យចម្ការនេះវិនាសហិនហោច គួរឲ្យស្រណោះ។នៅចំពោះមុខយើង មានសុទ្ធតែការហិនហោចស្រុកទេសទាំងមូលត្រូវវិនាសហិនហោចអស់គ្មាននរណាម្នាក់រវីរវល់នឹងចម្ការនេះឡើយ។