8. ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងដែរ ម្នាក់ៗនៅតែចចេសធ្វើតាមចិត្តអាក្រក់របស់ខ្លួន។ ហេតុនេះ យើងប្រព្រឹត្តចំពោះពួកគេ ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងសម្ពន្ធមេត្រី គឺជាសេចក្ដីដែលយើងបង្គាប់ពួកគេឲ្យប្រតិបត្តិតាម តែពួកគេមិនប្រតិបត្តិតាមទេ»។
9. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ប្រជាជននៅស្រុកយូដា និងប្រជាជននៅក្រុងយេរូសាឡឹមឃុបឃិតគ្នាប្រឆាំងនឹងយើង។
10. ពួកគេវិលទៅប្រព្រឹត្តអំពើបាប ដូចដូនតារបស់ពួកគេនៅជំនាន់មុនដែរ គឺពួកគេមិនព្រមស្ដាប់ពាក្យយើងទេ តែនាំគ្នាជំពាក់ចិត្តលើព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះទៀតផង។ កូនចៅអ៊ីស្រាអែល និងកូនចៅយូដាផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ»។
11. ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាធ្លាក់មកលើពួកគេ ពួកគេពុំអាចគេចផុតបានឡើយ។ ពួកគេនឹងស្រែកអង្វរយើង តែយើងមិនស្ដាប់ពួកគេទេ។
12. អ្នកក្រុងទាំងឡាយនៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នឹងនាំគ្នាសែន បួងសួងរកព្រះឯទៀតៗដែលពុំអាចជួយសង្គ្រោះពួកគេ នៅគ្រាមានទុក្ខវេទនាបានឡើយ។
13. យូដាអើយ អ្នកមានព្រះច្រើនដូចចំនួនក្រុង! យេរូសាឡឹមអើយ អ្នកមានអាសនៈសម្រាប់សែនព្រះបាលដ៏គួរឲ្យអាម៉ាស់ ច្រើនដូចចំនួនផ្លូវ!»។
14. «រីឯអ្នកវិញ កុំទូលអង្វរឲ្យប្រជាជននេះធ្វើអ្វី! គឺកុំស្រែកអង្វរ ឬអធិស្ឋានឲ្យពួកគេឡើយ ដ្បិតពេលពួកគេមានទុក្ខ ហើយនាំគ្នាអង្វររកយើង យើងនឹងមិនស្ដាប់ពួកគេជាដាច់ខាត»។
15. «ប្រជាជនជាទីស្រឡាញ់របស់យើងកំពុងតែប្រព្រឹត្តអំពើវៀចវេរយ៉ាងច្រើនឥតគណនាតើពួកគេមកក្នុងដំណាក់យើងធ្វើអ្វីទៀត?តើពួកគេនឹកស្មានថានឹងបានរួចខ្លួនដោយយកយញ្ញបូជាមកឲ្យយើងនិងបន់ស្រន់យើងឬ?»។
16. ព្រះអម្ចាស់បានដាក់ឈ្មោះឲ្យអ្នកថា“ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ”ប៉ុន្តែ ព្រះអង្គនឹងដុតបំផ្លាញដើមអូលីវនេះដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំងហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។
17. អ៊ីស្រាអែលអើយ ព្រះអម្ចាស់នៃពិភពទាំងមូលបានដាំអ្នក ដូចដាំដើមអូលីវ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាចេះតែប្រព្រឹត្តអំពើអាក្រក់ ដោយនាំគ្នាអុជធូបបួងសួងព្រះបាល។ ហេតុនេះ ព្រះអង្គទ្រង់ព្រះពិរោធ ហើយធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកជាមិនខាន។
18. ព្រះអម្ចាស់បានប្រាប់ខ្ញុំ ហើយខ្ញុំក៏ដឹងអំពីឧបាយកល ដែលពួកគេបម្រុងនឹងធ្វើចំពោះខ្ញុំ។