2. «ចូរស្ដាប់សេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រី*នេះ ហើយយកទៅប្រកាសប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម
3. គឺប្រាប់ពួកគេថា ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកណាមិនធ្វើតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះទេ អ្នកនោះមុខជាត្រូវវេទនាពុំខាន!
4. យើងបានចងសម្ពន្ធមេត្រីនេះជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកគេរងទុក្ខយ៉ាងខ្លាំង។ យើងបានពោលទៅពួកគេថា: “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា”។
5. ដូច្នេះ យើងនឹងសម្រេចតាមពាក្យ ដែលយើងបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ប្រគល់ទឹកដីដ៏សម្បូណ៌សប្បាយឲ្យពួកគេ។ សព្វថ្ងៃ អ្នករាល់គ្នាកាន់កាប់ទឹកដីនេះស្រាប់ហើយ»។ ខ្ញុំក៏ទូលព្រះអង្គថា «ពិតមែនហើយព្រះអម្ចាស់!»។
6. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖«ចូរនាំពាក្យទាំងអស់នេះទៅប្រកាសនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមថា: “ចូរស្ដាប់សេចក្ដីដែលមានចែងក្នុងសម្ពន្ធមេត្រីនេះ ហើយនាំគ្នាប្រតិបត្តិតាមទៅ”!