13. ពេលព្រះអង្គបន្លឺព្រះសូរសៀងទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃពពករសាត់មកពីជើងមេឃផ្លេកបន្ទោរបង្អុរភ្លៀងចុះមកហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
14. ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គមនុស្សទាំងអស់បែរជាងឿងឆ្ងល់ហើយភ័ន្តភាំងស្មារតីជាងមាសបែរជាខ្មាសខ្លួនឯងដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការទាំងនោះ ដែលគ្មានវិញ្ញាណ។
15. ព្រះទាំងនោះឥតបានការអ្វីសោះជាវត្ថុគួរឲ្យមើលងាយដែលនឹងត្រូវវិនាសសូន្យនៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទោស។
16. រីឯព្រះរបស់លោកយ៉ាកុបវិញមិនដូច្នោះទេព្រះអង្គបានបង្កើតអ្វីៗទាំងអស់ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
17. យេរូសាឡឹមអើយសត្រូវបានឡោមព័ទ្ធអ្នកជុំវិញហើយ!ចូរប្រមូលទ្រព្យសម្បត្តិរបស់អ្នក!
18. ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖«ពេលនេះ យើងនឹងលើកអ្នកស្រុកនេះគ្រវែងចោលឲ្យឆ្ងាយពីទឹកដីយើងនឹងដេញពួកគេយ៉ាងប្រកិតមិនឲ្យពួកគេរត់រួចឡើយ»។
19. ខ្ញុំវេទនាហើយ! ខ្ញុំហិនហោចអស់ហើយ!ដំបៅរបស់ខ្ញុំមើលមិនជាទេ!ពីមុនខ្ញុំគិតថា ខ្ញុំឈឺចាប់មែនតែខ្ញុំអាចស៊ូទ្រាំបាន!
20. ប៉ុន្តែ ឥឡូវនេះ ជំរំរបស់ខ្ញុំខូចខាតអស់រីឯខ្សែចងជំរំក៏ដាច់អស់ដែរកូនចៅខ្ញុំបានចាកចេញពីខ្ញុំបាត់អស់ទៅហើយគ្មាននរណាជួយដំឡើងជំរំនិងជួយធ្វើជម្រកឲ្យខ្ញុំសាជាថ្មីឡើយ។
21. នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើពួកគេមិនបានស្វែងរកព្រះអម្ចាស់ទេហេតុនេះហើយបានជាពួកគេត្រូវបរាជ័យហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។
22. ស្ដាប់មើលចុះ សំឡេងដ៏គគ្រឹកគគ្រេងលាន់ឮឡើងពីទិសខាងជើងដើម្បីមកកម្ទេចក្រុងទាំងឡាយនៃស្រុកយូដាឲ្យក្លាយទៅជាទីស្មសានជាជម្រករបស់ឆ្កែព្រៃ។
23. ឱព្រះអម្ចាស់អើយ ទូលបង្គំយល់ឃើញថាមនុស្សលោកមិនអាចធ្វើជាម្ចាស់លើកិរិយាមារយាទរបស់ខ្លួនបានទេក្នុងដំណើរជីវិតគេពុំអាចតម្រង់ផ្លូវរបស់ខ្លួនបានឡើយ។
24. ឱព្រះអម្ចាស់អើយសូមកែតម្រង់ទូលបង្គំផង!សូមកែតម្រង់ទូលបង្គំ ដោយអធ្យាស្រ័យគឺកុំប្រើព្រះពិរោធឡើយក្រែងលោទូលបង្គំត្រូវវិនាសសូន្យទៅ។
25. សូមបំបែរព្រះពិរោធរបស់ព្រះអង្គទៅលើប្រជាជាតិនានាដែលពុំស្គាល់ព្រះអង្គទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ!ដ្បិតពួកគេបានលេបបំបាត់ពូជពង្សរបស់លោកយ៉ាកុបពួកគេបំបាត់ពូជសាសន៍នេះព្រមទាំងបំផ្លាញទឹកដីឲ្យទៅជាទីស្មសានទៀតផង។