1. ជនជាតិអ៊ីស្រាអែលអើយចូរនាំគ្នាស្ដាប់សេចក្ដីដែល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា!
2. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«មិនត្រូវយកតម្រាប់តាមប្រជាជាតិនានាឡើយហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសម្គាល់ផ្សេងៗនៅលើមេឃដូចប្រជាជាតិទាំងឡាយដែរ។
3. ជំនឿសាសនារបស់សាសន៍នានាសុទ្ធតែឥតបានការ។ពួកគេកាប់ដើមឈើពីក្នុងព្រៃហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប
4. រួចគេយកប្រាក់ និងមាសស្រោបពីលើ។បន្ទាប់មក គេយកដែកគោល និងញញួរមកដំភ្ជិតរូបនោះកុំឲ្យរង្គើ។
5. ព្រះទាំងនោះមិនចេះនិយាយទេគឺប្រៀបបាននឹងទីងមោងចាំចម្ការត្រសក់ព្រះទាំងនោះមិនចេះដើរឡើយទៅណាមកណា ត្រូវតែមានអ្នកលីសែង។កុំខ្លាចព្រះទាំងនោះអីព្រះទាំងនោះមិនចេះធ្វើបាបនរណាទេហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។
6. ឱព្រះអម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដមហើយព្រះនាមព្រះអង្គក៏ឧត្ដុង្គឧត្ដមដែរព្រោះព្រះអង្គប្រកបដោយឫទ្ធិបារមី។
7. មនុស្សទាំងអស់ត្រូវតែកោតខ្លាចព្រះអង្គដ្បិតព្រះអង្គជាព្រះមហាក្សត្ររបស់ប្រជាជាតិនានា។ក្នុងចំណោមប្រជាជាតិនានានិងនៅក្នុងនគរទាំងប៉ុន្មានគ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងព្រះអង្គបានឡើយ។
8. ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នាដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ
9. ពួកគេយកសន្លឹកប្រាក់ពីស្រុកតើស៊ីសនិងយកមាសពីស្រុកអ៊ូផាសហើយឲ្យជាងទង និងជាងចម្លាក់យកមាសប្រាក់នោះស្រោបពីលើរូបបដិមារួចយកក្រណាត់ពណ៌ស្វាយ និងក្រហមទុំមកពាក់ឲ្យផង។រូបព្រះទាំងនោះជាស្នាដៃរបស់សិល្បករ។
10. រីឯព្រះអម្ចាស់វិញ ព្រះអង្គជាព្រះនៃសេចក្ដីពិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅជាព្រះមហាក្សត្រដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ពេលព្រះអង្គសម្តែងព្រះពិរោធនោះផែនដីត្រូវញាប់ញ័រ។ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹងព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។