1. នេះជាសេចក្ដីដែលលោកយេរេមាបានថ្លែង និងកិច្ចការដែលលោកបានធ្វើ។ លោកយេរេមាត្រូវជាកូនរបស់លោកហ៊ីលគីយ៉ា ជាបូជាចារ្យ*មួយរូប ក្នុងក្រុមបូជាចារ្យ នៅភូមិអាណាថោត ក្នុងស្រុកបេនយ៉ាមីន។
2. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន និងជាស្ដេចស្រុកយូដា។
3. ព្រះអង្គមានព្រះបន្ទូលមកលោកទៀត នៅរជ្ជកាលព្រះបាទយេហូយ៉ាគីមជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា ជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
5. «យើងស្គាល់អ្នកតាំងពីមុនពេលដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះយើងក៏បានញែកអ្នកទុកសម្រាប់យើងតាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។យើងតែងតាំងអ្នកឲ្យធ្វើជាព្យាការីសម្រាប់ប្រជាជាតិនានា»។