6. រីឯពួកទេវតា* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។
7. រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
8. ពួកទាំងនេះក៏ប្រព្រឹត្តដូច្នោះដែរ គំនិតរវើរវាយរបស់គេបានធ្វើឲ្យរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និងជេរប្រមាថពួកទេវតាដែលប្រកបដោយសិរីរុងរឿង។
9. នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!»។
10. រីឯអ្នកទាំងនោះវិញ គេនាំគ្នាជេរប្រមាថអ្វីៗដែលខ្លួនពុំស្គាល់ ហើយអ្វីៗដែលគេស្គាល់តាមសភាវគតិដូចសត្វតិរច្ឆាន បណ្ដាលឲ្យតែខ្លួនគេត្រូវវិនាសប៉ុណ្ណោះ។
11. អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។
12. នៅពេលដែលបងប្អូនបរិភោគអាហាររួមគ្នា ដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ
13. ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះ គួរឲ្យអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បម្រុងទុកឲ្យស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!
14. លោកហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖ «មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ត