11. អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។
12. នៅពេលដែលបងប្អូនបរិភោគអាហាររួមគ្នា ដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ
13. ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះ គួរឲ្យអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បម្រុងទុកឲ្យស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!
14. លោកហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖ «មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ត
15. ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និងបង្ហាញឲ្យមនុស្សទាំងអស់ ដែលមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដឹងកំហុសរបស់ខ្លួន ហើយឲ្យអ្នកបាបទាំងនោះដឹងអំពីពាក្យសម្ដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងព្រះអង្គ»។
16. ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្តសោះ គេប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន។ ពាក្យសម្ដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។
17. ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរនឹកចាំសេចក្ដីប្រៀនប្រដៅដែលក្រុមសាវ័ក*របស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើង បានប្រាប់បងប្អូនកាលពីមុន។
18. លោកទាំងនោះមានប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន»។
19. អ្នកទាំងនោះជាមេបង្កឲ្យមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណគង់ជាមួយទេ។