7. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរអ្នករាល់គ្នាងាកចេញពីច្បាប់របស់យើងគឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។ចូរនាំគ្នាវិលមករកយើងនោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។អ្នករាល់គ្នាពោលថា:“យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។
8. តើមនុស្សកេងប្រវ័ញ្ចព្រះជាម្ចាស់ដូចម្ដេចបាន?អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា“យើងខ្ញុំកេងប្រវ័ញ្ចព្រះអង្គដូចម្ដេចខ្លះ?”។គឺអ្នករាល់គ្នាកេងប្រវ័ញ្ចតង្វាយមួយភាគដប់ និងតង្វាយដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង!
9. អ្នករាល់គ្នាត្រូវបណ្ដាសាហើយ!ព្រោះប្រជាជាតិទាំងមូលបានកេងប្រវ័ញ្ចយើង»។
10. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មានមកដាក់នៅក្នុងឃ្លាំងដើម្បីឲ្យមានស្បៀងអាហារក្នុងដំណាក់របស់យើង។ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅនោះអ្នករាល់គ្នានឹងឃើញថាយើងនឹងបើកផ្ទៃមេឃបង្ហូរព្រះពរដ៏លើសលប់មកលើអ្នករាល់គ្នា»។
11. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញដំណាំរបស់អ្នករាល់គ្នាហើយចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នានឹងផ្ដល់ភោគផលបរិបូណ៌»។
12. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ប្រជាជាតិទាំងអស់នឹងពោលថាអ្នករាល់គ្នាពិតជាមានសុភមង្គលមែនដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយដ៏សម្បូណ៌សប្បាយ»។
13. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោកប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា:“តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងព្រះអង្គដូចម្ដេចខ្លះ?”។