6. «យើងជាព្រះអម្ចាស់ យើងមិនប្រែប្រួលទេរីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានៅតែជាកូនចៅយ៉ាកុបដដែល»។
7. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរអ្នករាល់គ្នាងាកចេញពីច្បាប់របស់យើងគឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។ចូរនាំគ្នាវិលមករកយើងនោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។អ្នករាល់គ្នាពោលថា:“យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។
8. តើមនុស្សកេងប្រវ័ញ្ចព្រះជាម្ចាស់ដូចម្ដេចបាន?អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា“យើងខ្ញុំកេងប្រវ័ញ្ចព្រះអង្គដូចម្ដេចខ្លះ?”។គឺអ្នករាល់គ្នាកេងប្រវ័ញ្ចតង្វាយមួយភាគដប់ និងតង្វាយដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង!
9. អ្នករាល់គ្នាត្រូវបណ្ដាសាហើយ!ព្រោះប្រជាជាតិទាំងមូលបានកេងប្រវ័ញ្ចយើង»។
10. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មានមកដាក់នៅក្នុងឃ្លាំងដើម្បីឲ្យមានស្បៀងអាហារក្នុងដំណាក់របស់យើង។ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅនោះអ្នករាល់គ្នានឹងឃើញថាយើងនឹងបើកផ្ទៃមេឃបង្ហូរព្រះពរដ៏លើសលប់មកលើអ្នករាល់គ្នា»។
11. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញដំណាំរបស់អ្នករាល់គ្នាហើយចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នានឹងផ្ដល់ភោគផលបរិបូណ៌»។
12. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ប្រជាជាតិទាំងអស់នឹងពោលថាអ្នករាល់គ្នាពិតជាមានសុភមង្គលមែនដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយដ៏សម្បូណ៌សប្បាយ»។
13. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោកប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា:“តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងព្រះអង្គដូចម្ដេចខ្លះ?”។
14. អ្នករាល់គ្នាពោលថា:“ពួកយើងខំបម្រើព្រះជាម្ចាស់តែគ្មានបានការអ្វីទេពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូលទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី?
15. ពួកយើងសង្កេតឃើញថាឥឡូវនេះ មានតែមនុស្សព្រហើនទេដែលមានសុភមង្គលហើយមនុស្សប្រព្រឹត្តអំពើអាក្រក់បែរជាបានចម្រុងចម្រើនទៅវិញ។ទោះបីពួកគេល្បងលមើលព្រះជាម្ចាស់ក្ដីក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច”»។
16. ពេលនោះ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ពិភាក្សាគ្នាទៅវិញទៅមក ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ហើយយកព្រះហឫទ័យទុកដាក់នឹងពាក្យសម្ដីរបស់ពួកគេ។គេបានចារឈ្មោះរបស់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអម្ចាស់ក្នុងក្រាំងមួយទុកជាទីរំឭកនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
17. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«នៅថ្ងៃដែលយើងបានកំណត់ទុកអ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើងពួកគេនឹងទៅជាប្រជារាស្ត្រដែលជាចំណែកមត៌ករបស់យើងផ្ទាល់។យើងនឹងត្រាប្រណីពួកគេដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។