1. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«យើងចាត់ទូតរបស់យើងឲ្យទៅមុនដើម្បីរៀបចំផ្លូវសម្រាប់យើង។រំពេចនោះ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរកនឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំកំពុងតែមកហើយ»។
2. ប៉ុន្តែ នៅថ្ងៃដែលព្រះអង្គយាងមកដល់តើនរណាអាចទ្រាំបាន?នៅពេលព្រះអង្គលេចមកតើនរណាអាចឈរបាន?ដ្បិតព្រះអង្គប្រៀបបាននឹងភ្លើងរបស់ជាងដែកនិងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។
3. ព្រះអង្គនឹងគង់កាត់ក្ដី ដូចជាងទងអង្គុយរំលាយ និងបន្សុទ្ធសាច់ប្រាក់។ព្រះអង្គនឹងជម្រះកូនចៅលេវីឲ្យបានបរិសុទ្ធព្រះអង្គនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធមាស និងប្រាក់។ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យមកថ្វាយព្រះអម្ចាស់ដោយចិត្តស្មោះត្រង់។
4. ពេលនោះ ព្រះអម្ចាស់សព្វព្រះហឫទ័យទទួលតង្វាយរបស់អ្នកស្រុកយូដានិងអ្នកក្រុងយេរូសាឡឹមដូចកាលពីដើម នៅជំនាន់មុនៗ។
5. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«យើងនឹងមករកអ្នករាល់គ្នាដើម្បីវិនិច្ឆ័យទោស។យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើងពួកស្បថបំពានពួកសង្កត់សង្កិនកម្មករស្ត្រីមេម៉ាយ និងក្មេងកំព្រាពួកធ្វើបាបជនបរទេសហើយមិនគោរពកោតខ្លាចយើង»។
6. «យើងជាព្រះអម្ចាស់ យើងមិនប្រែប្រួលទេរីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានៅតែជាកូនចៅយ៉ាកុបដដែល»។
7. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរអ្នករាល់គ្នាងាកចេញពីច្បាប់របស់យើងគឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។ចូរនាំគ្នាវិលមករកយើងនោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។អ្នករាល់គ្នាពោលថា:“យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។
8. តើមនុស្សកេងប្រវ័ញ្ចព្រះជាម្ចាស់ដូចម្ដេចបាន?អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា“យើងខ្ញុំកេងប្រវ័ញ្ចព្រះអង្គដូចម្ដេចខ្លះ?”។គឺអ្នករាល់គ្នាកេងប្រវ័ញ្ចតង្វាយមួយភាគដប់ និងតង្វាយដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង!