2. ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើងប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេយើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមានក្នុងចំណោមអ្នករាល់គ្នា។យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នាក្លាយទៅជាបណ្ដាសាមែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នាក្លាយទៅជាបណ្ដាសាព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ។
3. យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថាយើងនឹងដាក់ទោសពូជពង្សរបស់អ្នករាល់គ្នាយើងនឹងជះលាមកលើមុខអ្នករាល់គ្នាគឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើយញ្ញបូជាក្នុងពិធីបុណ្យផ្សេងៗ។គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅជាមួយលាមកសត្វនោះដែរ។
4. ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាបានព្រមានអ្នករាល់គ្នាដើម្បីឲ្យសម្ពន្ធមេត្រី ដែលយើងចងជាមួយកុលសម្ព័ន្ធលេវី ស្ថិតនៅគង់វង្ស- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
5. សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះគឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេហើយឲ្យគេគោរពកោតខ្លាចនាមយើងនិងភ័យញាប់ញ័រនៅចំពោះមុខយើង។
6. គេបង្រៀនក្រឹត្យវិន័យដ៏ត្រឹមត្រូវហើយមិនពោលពាក្យបោកបញ្ឆោតទេ។គេរស់នៅជាមួយយើងដោយសុខសាន្តនិងដោយទៀងត្រង់ព្រមទាំងណែនាំមនុស្សជាច្រើនឲ្យងាកចេញពីអំពើអាក្រក់។
7. ពាក្យសម្ដីរបស់បូជាចារ្យបង្រៀនមនុស្សឲ្យស្គាល់ព្រះជាម្ចាស់ហើយក្រឹត្យវិន័យក៏ហូរចេញពីមាត់បូជាចារ្យដែរព្រោះគាត់ជាអ្នកនាំព្រះបន្ទូលរបស់ ព្រះអម្ចាស់នៃពិភពទាំងមូល។
8. រីឯអ្នករាល់គ្នាវិញអ្នករាល់គ្នាបានងាកចេញពីមាគ៌ានេះការបង្រៀនរបស់អ្នករាល់គ្នាបាននាំមនុស្សជាច្រើនឲ្យវង្វេង។អ្នករាល់គ្នាបានបំពានលើសម្ពន្ធមេត្រីដែលយើងបានចងជាមួយកុលសម្ព័ន្ធលេវី- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
9. ដូច្នេះ យើងនឹងឲ្យប្រជាជនទាំងមូលប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នាដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេហើយអ្នករាល់គ្នាបង្រៀនក្រឹត្យវិន័យដល់ប្រជាជនដោយរើសមុខ»។
10. ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើងមកក៏មានតែមួយព្រះអង្គដែរហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នាទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរសរបស់ពួកយើងដូច្នេះ?
11. ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅស្រុកអ៊ីស្រាអែល និងនៅក្រុងយេរូសាឡឹម។យូដាបានប្រមាថទីសក្ការៈរបស់ព្រះអម្ចាស់ជាកន្លែងដែលព្រះអង្គស្រឡាញ់គឺពួកគេរៀបការជាមួយស្ត្រីដែលថ្វាយបង្គំព្រះដទៃ។
12. សូមព្រះអម្ចាស់ដកអ្នកដែលប្រព្រឹត្តដូច្នេះចេញពីចំណោមពូជពង្សរបស់លោកយ៉ាកុបហើយកុំឲ្យគេមានកូនចៅដើម្បីចូលរួមថ្វាយតង្វាយដល់ ព្រះអម្ចាស់នៃពិភពទាំងមូលឡើយ។
13. អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀតគឺអ្នករាល់គ្នាយំសោកសង្រេង សម្រក់ទឹកភ្នែកជោកអាសនៈរបស់ព្រះអម្ចាស់នៃពិភពទាំងមូលព្រោះព្រះអង្គលែងរវីរវល់នឹងតង្វាយរបស់អ្នករាល់គ្នាព្រះអង្គមិនសព្វព្រះហឫទ័យនឹងអ្វីៗដែលអ្នករាល់គ្នាយកមកថ្វាយទេ។
14. អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?”គឺកាលពីនៅក្មេង អ្នកបានរៀបការដោយយកព្រះអម្ចាស់ធ្វើសាក្សី។នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នកតែអ្នកបានក្បត់ចិត្តចោលនាង។