1. សេចក្ដីប្រកាសនេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ាឡាគី។
2. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងស្រឡាញ់អ្នករាល់គ្នាតែអ្នករាល់គ្នាបែរជាពោលថា“តើមានអ្វីបញ្ជាក់ថាព្រះអង្គស្រឡាញ់យើងខ្ញុំ?”។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដីក៏យើងស្រឡាញ់យ៉ាកុបជាង
3. គឺយើងមិនពេញចិត្តនឹងអេសាវទេយើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវក្លាយទៅជាទីស្មសានហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់គេ។
4. ប្រសិនបើអេដុមពោលថា“ពួកយើងនឹងសង់ស្រុកដែលវិនាសនេះឡើងវិញ!”ឲ្យពួកគេសង់ទៅ!យើងនឹងកម្ទេចស្រុកនោះសាជាថ្មី។គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត”“ប្រជាជនដែលព្រះអម្ចាស់ខ្ញាល់រហូត”។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
5. អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះហើយពោលថា: “ព្រះអម្ចាស់សម្តែងមហិទ្ធិឫទ្ធិហួសព្រំដែនស្រុកអ៊ីស្រាអែលទៅទៀត!”»។
6. «ធម្មតា កូនតែងតែគោរពឪពុកហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ប្រសិនបើយើងជាបិតាមែនម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើងក្នុងឋានៈជាបិតា?ប្រសិនបើយើងជាម្ចាស់មែនម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើងក្នុងឋានៈជាម្ចាស់?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។រីឯអ្នករាល់គ្នា ដែលជាបូជាចារ្យវិញអ្នករាល់គ្នាមាក់ងាយនាមរបស់យើងតែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយព្រះនាមរបស់ព្រះអង្គត្រង់ណា?”។
7. អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មងមកដាក់នៅលើអាសនៈរបស់យើងហើយអ្នករាល់គ្នាពោលថា“តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គសៅហ្មងត្រង់ណា?”គឺមកពីអ្នករាល់គ្នាពោលថា:តុរបស់ព្រះអម្ចាស់មិនសូវសំខាន់ទេ!
8. ពេលអ្នករាល់គ្នាយកសត្វខ្វាក់មកធ្វើយញ្ញបូជាតើមិនមែនជាការអាក្រក់ទេឬ?ពេលអ្នករាល់គ្នាយកសត្វបាក់ជើងឬសត្វមានជំងឺមកធ្វើយញ្ញបូជាតើមិនមែនជាការអាក្រក់ទេឬ?បើអ្នកយកសត្វបែបនេះទៅជូនទេសាភិបាលរបស់អ្នកតើគាត់សុខចិត្តទទួលយកហើយទទួលអ្នកដោយរាក់ទាក់ឬ?»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
9. ឥឡូវនេះ ចូរនាំគ្នាទូលអង្វរព្រះជាម្ចាស់សូមព្រះអង្គប្រណីសន្ដោសពួកយើង!«បើអ្នករាល់គ្នានៅតែធ្វើអំពើអាក្រក់ដូច្នេះតើអ្នករាល់គ្នាស្មានថា យើងទទួលអ្នករាល់គ្នាដោយរាក់ទាក់ឬ?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
10. បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារព្រះវិហារដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើងជាអសារបង់នៅលើអាសនៈរបស់យើងទៀត!យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេហើយយើងក៏មិនទទួលតង្វាយពីដៃរបស់អ្នករាល់គ្នាដែរ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។