8. កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។
9. កាលព្រះយេស៊ូយាងពីទីនោះទៅមុខបន្តិច ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ*។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។
10. បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសិស្សដែរ។
11. ពួកខាងគណៈផារីស៊ី*ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។
12. ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
13. ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថា: “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
14. ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។
15. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬទេ! ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។
16. ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឲ្យសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។
17. ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។
18. កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទាំងនេះទៅគេ មាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង នាងនឹងមានជីវិតរស់ពុំខាន»។
19. ព្រះយេស៊ូក្រោកឡើង យាងទៅជាមួយគាត់ ពួកសិស្ស*ក៏ទៅជាមួយដែរ។
20. មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ
21. ដ្បិតនាងរិះគិតក្នុងចិត្តថា «បើខ្ញុំគ្រាន់តែបានពាល់អាវលោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។
22. ព្រះយេស៊ូបែរទៅក្រោយ ទតឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់នាងបានសង្គ្រោះនាងហើយ»។ ស្ត្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។