11. ពួកខាងគណៈផារីស៊ី*ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។
12. ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
13. ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថា: “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
14. ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។
15. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬទេ! ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។
16. ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឲ្យសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។
17. ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។
18. កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទាំងនេះទៅគេ មាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង នាងនឹងមានជីវិតរស់ពុំខាន»។
19. ព្រះយេស៊ូក្រោកឡើង យាងទៅជាមួយគាត់ ពួកសិស្ស*ក៏ទៅជាមួយដែរ។
20. មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ
21. ដ្បិតនាងរិះគិតក្នុងចិត្តថា «បើខ្ញុំគ្រាន់តែបានពាល់អាវលោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។
22. ព្រះយេស៊ូបែរទៅក្រោយ ទតឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់នាងបានសង្គ្រោះនាងហើយ»។ ស្ត្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។
23. កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និងឃើញមនុស្សម្នាជ្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖
24. «នាំគ្នាចេញទៅ! ក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ»។ គេចំអកដាក់ព្រះអង្គ។
25. កាលព្រះអង្គដេញគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។
26. ដំណឹងនេះលេចឮខ្ចរខ្ចាយពាសពេញតំបន់នោះទាំងមូល។
27. កាលព្រះយេស៊ូកំពុងតែយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមព្រះអង្គ ស្រែកថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។
28. ពេលព្រះអង្គយាងទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើឲ្យភ្នែកអ្នកភ្លឺបានឬ?»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។
29. ព្រះអង្គក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានព្រះបន្ទូលថា៖ «សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។