ម៉ាថាយ 9:11-19 Khmer Standard Version (KHSV)

11. ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។

12. ព្រះ‌យេស៊ូ​ឮ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។

13. ចូរ​អ្នក​រាល់​គ្នា​ទៅ​រិះគិត​មើល សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា: “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​សេចក្ដី​មេត្តា‌ករុណា​ប៉ុណ្ណោះ” មាន​ន័យ​ដូច​ម្ដេច? ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប»។

14. ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។

15. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ​ទេ! ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ​វិញ។

16. ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នឹង​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​នោះ​រហែក​លើស​ដើម​ទៅ​ទៀត។

17. ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ គេ​តែងតែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។

18. កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំ‌ខាន»។

19. ព្រះ‌យេស៊ូ​ក្រោក​ឡើង យាង​ទៅ​ជា​មួយ​គាត់ ពួក​សិស្ស*​ក៏​ទៅ​ជា​មួយ​ដែរ។

ម៉ាថាយ 9