23. ព្រះយេស៊ូយាងចុះទូក ហើយពួកសិស្ស*នាំគ្នាទៅជាមួយព្រះអង្គដែរ។
24. ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលឲ្យរលកជះមកគ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ទ្រង់ផ្ទំលក់។
25. ពួកសិស្ស*ចូលទៅជិត ដាស់ព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។
26. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ ព្រះអង្គក្រោកឈរឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។
27. ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វីបានជាខ្យល់ព្យុះ និងសមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។
28. កាលព្រះយេស៊ូ និងពួកសិស្សបានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន មានបុរសអារក្សចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសទាំងពីរនេះកាចណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះទេ។
29. អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វីយើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។
30. នៅឆ្ងាយពីនោះបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។
31. ពួកអារក្សអង្វរព្រះយេស៊ូថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឲ្យចូលទៅក្នុងជ្រូកមួយហ្វូងនេះទៅ»។
32. ព្រះយេស៊ូមានព្រះបន្ទូលទៅអារក្សថា៖ «ទៅចុះ!»។ ពួកអារក្សក៏ចេញពីបុរសទាំងពីរ ចូលទៅក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់ទៅ។