14. បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកពេត្រុស ទតឃើញម្ដាយក្មេករបស់គាត់កំពុងគ្រុនសម្រាន្ដនៅលើគ្រែ។
15. ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
16. លុះដល់ល្ងាច គេនាំមនុស្សអារក្សចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញវិញ្ញាណទាំងនោះ ដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺឲ្យបានជាគ្រប់ៗគ្នា
17. ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការី*អេសាយថា៖ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ» ។
18. កាលព្រះយេស៊ូឃើញបណ្ដាជនចោមរោមព្រះអង្គ ទ្រង់ក៏បញ្ជាឲ្យគេចេញទូកទៅត្រើយម្ខាង។
19. ពេលនោះ មានអាចារ្យ*ម្នាក់ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។
20. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ គ្មានទីជម្រកសម្រាកសោះឡើយ»។
21. មានសិស្សមួយរូបទៀតទូលព្រះអង្គថា៖ «លោកម្ចាស់ សូមលោកអនុញ្ញាតឲ្យខ្ញុំប្របាទត្រឡប់ទៅបញ្ចុះសពឪពុកសិន»។
22. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។
23. ព្រះយេស៊ូយាងចុះទូក ហើយពួកសិស្ស*នាំគ្នាទៅជាមួយព្រះអង្គដែរ។
24. ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលឲ្យរលកជះមកគ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ទ្រង់ផ្ទំលក់។
25. ពួកសិស្ស*ចូលទៅជិត ដាស់ព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។